ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុកពញាឮ ស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ ព័ន្ធករណីឆបោក និងប្រើប្រាស់នូវឯកសណ្ឋានដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា។

ករណីឆបោកនេះ បានកើតឡើង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចឃុំជ្រៃលាស់ ស្រុកពញាឮ។ រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកមកសាកសួរ។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីឆបោក កើតឡើង ស្ថិតក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកណ្តាល កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ យកមកអង្គភាព ដើម្បីសាកសួរ។

ជាមួយនេះ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមាន ឯកសណ្ឋានយោធា ចំនួន២សម្រាប់។ ចំណែកសម្ភារៈបាត់បង់ រួមមាន ប្រាក់ ចំនួន៣១០០ដុល្លារ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕