ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនាយក ដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចមុខស្ថានីយប្រេង តេលា តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស វចនា ហៅស្នា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវណតប៊្រីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាមុខសញ្ញាឆក់យ៉ាង សកម្មក្នុងរាជធានីភ្នំពេញ នាវេលាទៀបភ្លឺ)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហង្ស វចនា នៅចំណុចមុខការ៉ាស់សាំង តេលា ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕