Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះអាចារ្យដុ.../តខ្មោច ផ្ទុះ---/កាំជ្រួចពេញមេឃ

ភ្លើងឆេះផ្ទះអាចារ្យដុ…/តខ្មោច ផ្ទុះ—/កាំជ្រួចពេញមេឃ

ខេត្តបាត់ដំបង ៖ ផ្ទះមួយខ្នង របស់បុរសចំណាស់ម្នាក់ ជាអាចារ្យដុតខ្មោច ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្ទុះកាំជ្រួចសម្រាប់ពេលបូជាសព ដែលស្តុកទុកក្នុងផ្ទះ ហោះហើរពេញមេឃ បង្កឱ្យផ្ទះទាំងមូល ត្រូវភ្លើងលេបត្របាក់អស់ ត្រឹម ១ប៉ប្រិចភ្នែកប៉ុណ្ណោះ សូម្បីតែសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ ក៏មិនទាន់ផង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី និងមានម្ចាស់ឈ្មោះប៉ាត យីម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរដើរបូជាសព និងជួលមេនដុតខ្មោច មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។

លោកទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះ និងតាមការពិនិត្យជាក់ស្តែង អគ្គិភ័យនេះបានកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ប៉ុន្តែអ្វីដែលគូរឱ្យភ្ញាក់ផ្អើលបំផុត ពេលអគ្គិភ័យកំពុងឆេះសន្ធោសន្ធៅ គឺគ្រាប់កាំជ្រួចរាប់សិបគ្រាប់នៅក្នុងផ្ទះជនរងគ្រោះ (កាំជ្រួចទុកដុតពេលបូជាសព) បានឆេះផ្ទុះលាន់កក្រើកពេញផ្ទះ និងហោះចេញក្រៅផ្ទះពេញមេឃ ដែលជា ហេតុនាំឱ្យអគ្គិភ័យឆេះកាន់តែខ្លាំង។

លោកអធិការ បន្តថា អ្វីដែលជាក្តីបារម្ភ គឺខ្លាចគ្រាប់កាំជ្រួចសម្រាប់ដុតបូជាសពនេះ វាឆេះហោះទៅបុកឆេះផ្ទះអ្នកក្បែរខាងបន្ថែមទៀត តែសំណាងល្អ កម្លាំងសមត្ថកិច្ច រួមជាមួយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ អាចទប់ស្កាត់មិនឱ្យឆេះឆ្លងរាលដាលបានទាន់ពេល ខណៈដែលផ្ទះតាអាចារ្យដុតខ្មោចខាងលើនេះ ត្រូវភ្លើងឆេះអស់ទាំង ស្រុង។

យោងតាមរបាយការណ៍ការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាង លើ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ទ្រព្យសម្បត្តិមួយចំនួន ក្នុងនោះក៏មាននាឡិកា ១គ្រឿង ដែលមានតម្លៃ ១២០០ដុល្លារ ក៏បានក្លាយជាចំណី ភ្លើងផងដែរ ដែលសរុបជាទឹកប្រាក់នៃការខូចខាត អស់ប្រមាណ ៦០លានរៀល។

លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ផ្ទះជនរងគ្រោះ មិននៅឆ្ងាយប៉ុន្មានទេពីទីតាំងអធិការស្រុកសំពៅលូន ហើយកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែដោយសារផ្ទះធ្វើពីឈើភាគច្រើន ហើយអគ្គិភ័យនេះមានសន្ទុះ ខ្លាំងដោយសារតែគ្រាប់កាំជ្រួចសម្រាប់ដុតបូជាសព ផ្ទុះខ្លាំងលាន់កងរំពងពេញផ្ទះ ទើបធ្វើឱ្យអគ្គិភ័យនេះឆេះរាលដាល និងមានកម្លាំងខ្លាំងត្រឹមមួយប៉ប្រិចភ្នែក ឆេះអស់ទាំងស្រុងតែម្តង។  យ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

RELATED ARTICLES