ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅ ពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវ ចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យដឹងថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយ ស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំ ណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ៣០០ម៉ែត្រ) បន្ទាប់ មក ក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យ ចំនួន៣ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិ សោធន៍។

តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រ ចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខក្រុមការងារ បានចាត់វិធានការអនុវត្តចំពោះរោងចក្រ ដូចតទៅ ៖
-ត្រូវពិន័យអន្តរការណ៍ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ ទៅតាមច្បាប់ជាធរមាន។
-ត្រូវផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែក ដែលរងការប៉ះពាល់ (អនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ)។
-តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹង នៅក្រោយរោងចក្រ។
-តម្រូវឱ្យរោងចក្ររៀបចំរបាយការណ៍រាយតម្លៃ ហេតុប៉ះពាល់បរិស្ថាននិងសង្គម។

-តម្រូវរោងចក្រ ធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឱ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីចៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។

គួរបញ្ជាក់ថា យោងលើភស្តុតាង នឹងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញសំណល់រាវរបស់ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦ ២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕


