ខេត្តកោះកុង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានចុះអន្តរាគមន៍ឃាត់ខ្លួនក្រុមទំនើង ចំនួន៦នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើកាំបិតផ្គាក់និងដុំថ្ម ដេញកាប់និងគប់គ្នា តាមផ្លូវសាធារណៈ។
ការបង្ក្រាបករណីក្មេងទំនើងដេញកាប់គ្នានេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្បែរខ្លោងទ្វារទៅមាត់សមុទ្រ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការបង្ក្រាបក្រុមក្មេងទំនើង ទាំង២ក្រុមនេះ ធ្វើឡើងនៅម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពួកគេធ្វើសកម្មភាពប្រើដុំថ្មគប់គ្នា និងប្រើកាំបិតផ្គាក់ ដេញកាប់គ្នាតាមផ្លូវសាធារណៈ ក្បែរខ្លោងទ្វារទៅមាត់សមុទ្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង។

លោកមេបញ្ជាការ បន្តថា ប្រតិបត្តិការបង្ក្រាប ដឹកនាំដោយលោក នួន វុត្ថា មេបញ្ជាការរងទទួលបន្ទុកការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស។ កម្លាំងជំនាញ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងភូមិចាំយាម បានចំនួន៦នាក់ ឯក្រុមក្មេងទំនើងម្ខាងទៀត ដែលជាកម្មករសំណង់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនអស់។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង រួមមាន កាំបិតផ្កាក់ ចំនួន៣ដើម ទូរស័ព្ទ ចំនួន៦គ្រឿង ម៉ាក iPhone ចំនួន៥គ្រឿង ម៉ាក OPPO ចំនួន១គ្រឿង ម៉ូតូ ចំនួន១គ្រឿង ម៉ាក HONDA.RSX ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រុមក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕