ភ្នំពេញ ៖ បុរសម្នាក់ ជាអធិការរងនគរបាលខណ្ឌ៧មករា បានបើកបររថយន្ត ១គ្រឿង ដឹកប្រពន្ធនិងកូនប្រុស ស្រី ចំនួន៣នាក់ទៀត ស្រាប់តែរថយន្តរេចង្កូតធ្លាក់ស្ពាន បណ្តាលឱ្យកូនស្រីម្នាក់ បានស្លាប់ ចំណែកឪពុកម្តាយនិងកូន២នាក់ទៀត សរុប៤នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ពានបាក់ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ ម៉ាក Lexus RX-330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AU- 8503 បើកបរ ដោយឈ្មោះលី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានតួនាទីជាអធិការរងនគរបាលខណ្ឌ៧មករា មានលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត)។ ចំណែកអ្នករួមដំណើរទាំង៤នាក់ (ប្រពន្ធនិង កូនៗ) រួមមាន ទី១-ឈ្មោះឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត)។ ទី២-ឈ្មោះលី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់នៅកន្លែងកន្លែងកើតហេតុ)។ ទី៣-ឈ្មោះលី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និង៤-ឈ្មោះលី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-8503 ជិះជាលក្ខណៈគ្រួសារ មានគ្នា៥នាក់ (ប្តីប្រពន្ធនិងកូនប្រុសស្រី៣នាក់) ដោយបុរសជាឪពុក ជាអធិការរងនគរបាលខណ្ឌ៧មករា ជាអ្នកបើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យអ្នកបើកងងុយដេក ងោកមួយភាំង ទើបធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ស្ពានដែលអត់មានទឹក រងការខូចខាតរថយន្តយ៉ាងធ្ងន់ និងធ្វើឱ្យខ្ទាតមនុស្សចេញពីរថយន្ត រដូករណែល ក្នុងនោះបណ្តាលឱ្យក្មេងស្រីម្នាក់ ត្រូវជាកូនទី២ បានស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឪពុកម្តាយនិងកូនប្រុសស្រី សរុប ៤នាក់ទៀត រងរបួសធ្ងន់-ស្រាល ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះទៅកន្លែងកើតហេតុ ចាត់ចែងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំប្រគល់ឱ្យជនរង គ្រោះវិញ។

ដោយឡែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕