ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំ ១គ្រឿង បើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងខ្លាំង ជួបឧប សគ្គនៅខាងមុខ ដោយមានរថយន្ត និងម៉ូតូឈប់រង់ចំផ្លូវរថភ្លើងឆ្លងកាត់ ទើបបុរសជាតៃកុង បានសម្រេចបួងចង្កូតចុះផ្លូវ ទម្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យកៀបជាប់២នាក់ប្តីប្រពន្ធ ក្នុងកាប៊ីនរថយន្ត និងត្រូវបានអ្នកដំណើរ ជួយគាស់ចេញ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
តាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានឱ្យដឹងថា មុនពេលហេតុ មានរថយន្តធុនធំប្រភេទសណ្តោងរ៉ឺម៉កដឹកខ្សាច់ ១គ្រឿង បើកបរដោយបុរសម្នាក់ និងមានស្ត្រីជាប្រពន្ធរួមដំណើរជាមួយផង បានបើកបរពេញពីខេត្តពោធិ៍សាត់ គោលដៅទៅក្រុងប៉ោយប៉ែត លុះបើកបរក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោងខ្លាំង មើលមិនឃើញឧបសគ្គនៅខាងមុខ ដែលកំពុងមានរថយន្តនិងម៉ូតូឈប់រង់ចាំឆ្លងផ្លូវរថភ្លើងឆ្លងកាត់ លុះពេលទៅដល់ជួបនឹងឧបសគ្គបន្ទាន់បែបនេះ បុរសជាតៃកុង បានសម្រេចចិត្តបើកគេចឡាន ម៉ូតូ និងហ្វូងមនុស្ស ទម្លាក់ផ្លូវសំដៅចូលប្រឡាយទឹក បណ្តាលឱ្យរថយន្តក្រឡាប់ កៀបជាប់ប្តីប្រពន្ធទាំង២ នាក់ ក្នុងកាប៊ីនរថយន្តតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ អ្នកដំណើរដែលឃើញហេតុការណ៍ បាននាំគ្នាជួយអន្តរាគមន៍សង្គ្រោះ ដោយនាំគ្នាគាស់កាប៊ីនរថយន្ត យកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធចេញ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ច បានបញ្ជាក់ថា ចាត់ទុកថា នេះគឺជាការលះបង់ខ្ពស់របស់ប្តីប្រពន្ធតៃកុងរថយន្តដឹកខ្សាច់ខាងលើ ដែលសម្រេចចិត្តគេចចេញពីហ្វូងមនុស្ស សុខចិត្តបើកធ្លាក់ចូលប្រឡាយក្រឡាប់ដោយខ្លួនឯង ពុំនោះទេច្បាស់ជាប៉ះពាល់ដល់អាយុជីវិតមនុស្សច្រើននាក់មិនខាន។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យ២នាក់ប្តីប្រពន្ធ ដែលជាអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តដឹកខ្សាច់ខាងលើ រងរបួសស្រាល ចំណែករថយន្ត ក្រពឹតកាប៊ីន និងរ៉ឺម៉កធ្លាក់ចូលទឹកប្រឡាយ មុខលូ ចាក់ខ្សាច់ចូលទឹកអស់ និងបុកបាក់បង្គោលខ្សែភ្លើង ១ដើម ស្លាកសញ្ញាឆ្លងកាត់ដែក ២ផ្ទាំង និងបង្គោលការពារផ្លូវកោង ២ទៅ៣ដើម។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យវាស់វែង រួចស្ទូចយករថយន្តខាងលើ ទៅរក្សាទុកស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធី៕