Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំឈ្មោះសម្តេចហ៊ុន សែន បោកបាន១៨ម៉ឺនដុល្លារ .../ខ្នោះ

បន្លំឈ្មោះសម្តេចហ៊ុន សែន បោកបាន១៨ម៉ឺនដុល្លារ …/ខ្នោះ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានបែកគំនិតបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដាក់ឈ្មោះបន្លំដូច Channel Telegram របស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសកម្មភាពឆបោកបានប្រាក់ប្រមាណ ១៨ម៉ឺនដុល្លារ។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីឆបោក ក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះ ដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី ដោយជនល្មើសបាន បង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដែលបានដាក់ឈ្មោះបន្លំដូច Channel Telegram ផ្លូវការរបស់សម្តេចហ៊ុន សែន ប្រ ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឲ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។

ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន២នាក់ ដោយក្នុងនោះ ជនសង្ស័យទី១-ឈ្មោះ ក.ស.ន ភេទស្រី មុខរបរធ្វើការនៅហាងកែសម្ផស្ស។ ចំណែកជនសង្ស័យ ទី២-ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរសន្តិសុខចំណតរថយន្តនៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់សារធារណជនទាំង អស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយ អំពីការវិនិយោគតាមអនឡាញផ្សេងៗឱ្យបានហ្មត់ចត់ជាមុន ចៀសវាងការខាត បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕

RELATED ARTICLES