Sunday, September 8, 2024
Homeតារាខ្មែរសួស វីហ្សា ល្បីចង់ដើរចេញពីហង្សមាសដែរ

សួស វីហ្សា ល្បីចង់ដើរចេញពីហង្សមាសដែរ

ក្នុងបទសម្ភាសន៍នាពេលកន្លងមក នាងសួស វីហ្សា បានអះអាងដោយមានជំនឿចិត្តថា ការដែលនាងសម្រេចចិត្តចូលច្រៀងឱ្យផលិតកម្មធំរស្មីហង្សមាស នាពេលនេះ គឺដោយសារតែនាងសង្ឃឹមថា នឹងទទួលបានតំណែងលេខ២ នៅទ្រនំធំនេះ ព្រោះតែនាងមានភាពប្រហាក់ប្រហែលតារាស្រីឈានមុខគេរបស់ហង្សមាស នាងឱក សុគន្ធកញ្ញា ដែរ ដោយសារតែចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំដូចគ្នា នឹងអាចច្រៀងបានគ្រប់ប្រភេទដូចគ្នាដែរ។ ប៉ុន្តែ ក្តីសង្ឃឹមរបស់អ្នកចម្រៀងសំនៀងផ្អែមរូបនេះ បានរសាត់អស់ ដោយសារតែពេលនេះ អ្នកចម្រៀងស្រីឈរតំណែងលេខ២ របស់ហង្សមាស គឺអ្នកមេម៉ាយពេជ្រ សោភា ឯណោះទេ មិនមែនជាវីហ្សា ឡើយ។

ប្រភពបានឱ្យដឹងថា សួស វីហ្សា មិនសប្បាយចិត្តឡើយ ព្រោះតែនាងធ្លាប់ខ្លាំងក្លានៅផលិតកម្ម Rock ដែរ តែពេលនេះបែរជាមិនអាចដណ្តើមភាពលេចធ្លោបាននៅហង្សមាស ទើបនាងកំពុងតែពិចារណាថា គួរបន្តនៅជាមួយហង្សមាស ទៀត ឬក៏ត្រូវស្ពាយបង្វេចដើរចេញតាមមិត្តរួមក្រុម ដូចនាងឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា នោះ ព្រោះតែសមត្ថភាពដូចនាងច្បាស់ជាផលិតកម្មថោន ចាំទទួលយកដៃទាំង២ ជាមិនខានឡើយ។

សួស វីហ្សា បានបិទទូរស័ព្ទទាំង២ប្រព័ន្ធ កាលពីពេលថ្មីៗនេះ ទើបមិនអាចទាក់ទងឱ្យនាងបំភ្លឺរឿងល្បីថា ចង់ដើរចេញពីហង្សមាស បានឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា នាងសួស វីហ្សា មានសមត្ថភាពគ្រប់គ្រាន់ ជាតារាចម្រៀងល្បីឈ្មោះម្នាក់ បើសិនជាហង្សមាស ចង់លើកស្ទួយ គឺមិនពិបាកឡើយ តែពេលនេះហង្សមាស មានតួឯកឱក សុគន្ធកញ្ញា ទៅហើយ ដូចនេះវីហ្សា ដែលស៊ីភាគច្រើនតែបទស្លូវនោះ គឺមិនអាចប្រើប្រាស់សំឡេងបែប Rock បានដូចសុគន្ធកញ្ញា ទេ អីចឹងបើនាងបន្តនៅហង្សមាស ទៀតនោះ គឺមិនអាចឈរលើគេបានឡើយ សូម្បីតែលេខ២ ក៏មិនចង់ទៅរួចដែរ ដោយសារតែពេលនេះ ហង្សមាស មាននាងឈិន ម៉ានិច្ច ដែលមានសំឡេងល្អម្នាក់ទៀតនោះ។

ប្រភពបន្ថែមថា ជាទម្លាប់ ហង្សមាស មិនដេញតារាខ្លួនចេញទេ តែជួនកាលការផ្តល់បទចម្រៀងឱ្យមិនទៀងទាត់ និងមិនគ្រប់តម្រូវការលើទីផ្សារ ដូចឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា នោះ គឺវីហ្សា អាចនឹងជ្រើសផ្លូវរកទ្រនំថ្មីទៀតក៏ថាបាន ពិសេស ផលិតកម្មថោន នោះ គេចាំតែទទួលតារាដែលមានសមត្ថភាព ដើម្បីទៅពង្រឹងផលិតកម្មគេជាគូប្រជែងជាមួយហង្សមាស នាពេលអនាគត។

អ្នកគាំទ្រអតីតតារាចម្រៀង Rock ដែលជាប់លេខ១ ក្នុងកម្មវិធីប្រលងចម្រៀង Rock Star របស់ទូរទស្សន៍ CTN រូបនេះ និយាយថា វីហ្សា បានទឹកដមសំឡេងផ្អែមស្រទន់ ដែលច្រៀងបទស្លូវបានពីរោះ ធ្វើឱ្យអ្នកស្តាប់ ហើយចង់ស្តាប់ទៀត។ ប៉ុន្តែ ការដែលសួស វីហ្សា មិនអាចលេចធ្លោខ្លាំងបាន ដោយសារតែបទចម្រៀងនាងធ្វើមិនសូវត្រូវ និងមិនគ្រប់គ្រាន់សម្រាប់វាយលុកទីផ្សារ ដោយសារតែតារាហង្សមាស មានចំនួនច្រើននាក់ពេក បទចម្រៀងត្រូវបែងចែកគ្នា។ ម៉្យាងទៀត កាលចុងឆ្នាំ២០១៦ នោះ វីហ្សា បានបាក់មុខខ្លាំង ដោយសារតែបរាជ័យក្នុងការ លើកពាន “I Am A Singer of Cambodoia” ដោយសារចាញ់ពិន្ទុតារាវ័យក្មេង ដួង វីរៈសិទ្ធិ ទើបបានជាវីហ្សា ពិបាកស្តារមុខនាពេលនេះ។

ទោះជាយ៉ាងណា សមត្ថភាពដូចនាងសួស វីហ្សា ប្រសិនបើនាងស្ពាយបង្វេចហើរចោលហង្សមាស នាពេលនេះមែន គឺមិនខ្វះផលិតកម្មដែលរង់ចាំត្រងនាងឡើយ ខណៈដែលពេលនេះ វីហ្សា ហាក់រារែកចិត្តក្នុងការសម្រេចនៅឡើយ ព្រោះតែមិត្តភក្តិនៅជុំវិញខ្លួននាងបានឱ្យយោបល់ថា គិតឱ្យច្បាស់សិនថា បើចេញ តើកាន់តែល្បីថែមទៀត ឬក៏កាន់តែចុះខ្សោយ? ប៉ុន្តែអ្នកគាំទ្រនាងសួស វីហ្សា បានលើកឡើងថា ប្រសិនបើហង្សមាស ចង់រក្សាទុកតារាចម្រៀងរូបនេះ ដោយខ្លាចបាត់បង់ដូចសុវណ្ណបញ្ញា និង រដ្ឋា នោះ ផលិតកម្មនេះនឹងចាប់ផ្តើមងាកទៅ យកចិត្តទុកដាក់ធ្វើបទចម្រៀងឱ្យនាង ឱ្យបានច្រើនជាងនេះជាមិនខាន…៕

RELATED ARTICLES