ខេត្តកំពង់ធំ ៖ មន្ត្រីជំនាញសុខភាពសាធារណៈ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដុតបំផ្លាញចោលនូវជង្គង់មាន់បង្កក សត្វចង្រិត និងដឹកដឿ ខូចគុណភាព សរុប១០៥៨គីឡូក្រាម (ជាង១តោន) បន្ទាប់ពីឃាត់បានពីឈ្មួញលួចនាំចូលពីប្រទេសជិតខាង។

លោកសាយ វាសនា បញ្ជាក់ថា ជង្គង់មាន់បង្កក និងចង្រិតខូចគុណភាព ជាង១តោននេះ ត្រូវបានកម្លាំងជំនាញសុខភាពសាធារណៈ និងសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ធំ បង្ក្រាបបានកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវវាងក្រុងស្ទឹងសែន សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

ប្រតិបត្តិការបង្ក្រាបនេះ មន្ត្រីជំនាញបានរកឃើញជង្គង់មាន់បង្កក ចំនួន១០កេស ទម្ងន់៦០០គីឡូក្រាម ត្រីសាល ម៉ុន ចំនួន១៤កេស ស្មើនឹង ៣០៨គីឡូក្រាម និងសត្វចង្រិត និងដឹកដឿមានចំនួន៣កេស ស្មើនឹង ១៥០គីឡូក្រាម។

ក្រោយពិនិត្យយ៉ាងល្អិតល្អន់ ដោយមន្ត្រីផ្នែកសុខភាព និងសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ជាលទ្ធផលទំនិញទាំងអស់សុទ្ធសឹងជាទំនិញខូចគុណភាព និងការដឹកជញ្ជូនពុំត្រឹមត្រូវតាមតាមលក្ខណៈបច្ចេកទេស ដូច្នេះត្រូវដុតកម្ទេចចោល ដើម្បីទប់ស្កាត់ការចេរណ៍ទៅកាន់ទីផ្សារ ជាពិ សេសការពារសុខភាពអ្នកប្រើប្រាស់សាធារណៈ៕
