ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទី ភារកិច្ចឆ្មាំទន្លេអភិ រក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឱ្យអ្នកនេសាទប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ បានក្រើនរំឭកឆ្មាំទន្លេ នៅតំបន់អភិរក្សសត្វផ្សោត កាំពី អំពីតួនាទី ភារកិច្ច និងភាពស្មោះត្រង់ ដែលឆ្មាំទន្លេម្នាក់ៗត្រូវប្រកាន់ខ្ជាប់ ដើម្បីថែរក្សាសត្វផ្សោត ដែលជា រតនសម្បត្តិរបស់ជាតិ ឱ្យបានគង់វង្ស។ កញ្ញាបានសង្កត់ធ្ងន់ថា ការគប់គិតណាមួយរវាងឆ្មាំទន្លេ ជាមួយអ្នកនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនង ជាដើម គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត និងថាបុគ្គលប្រព្រឹត្តល្មើស នឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។

ជុំវិញការសម្រេចដកឆ្មាំទន្លេ នៅតំបន់កាំពី ចំនួន៣រូបនេះ ត្រូវបានកញ្ញា អ៊ឹម រចនា ពន្យល់ថា ធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃក្រសួងផង និងតាមរយៈសម្តីផ្ទាល់របស់ជនសង្ស័យ ក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង។ បើតាមកញ្ញាអ៊ឹម រចនា ការអភិរក្សធនធានជលផល គឺជាការងារដែលក្រសួងផ្តល់អាទិភាព មិនចាញ់ការងារដទៃទៀត ឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។

កញ្ញា អ៊ឹម រចនា គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំពោះសុខទុក្ខរបស់ឆ្មាំទន្លេ ដែលចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងបន្តជំរុញការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ជាប់ជាប្រចាំ ដើម្បីនិរន្តរភាពធនធានជលផលនៅកម្ពុជា។ តាមរយៈការយកចិត្តទុកដាក់នេះ លោករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្តការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់៕
