ភ្នំពេញ ៖ នាដការី សាលី ស្រីមាស តួឯករបាំអប្សរា ដែលធ្លាក់ខ្លួនឈឺខូចក្រលៀន (តម្រងនោម) ត្រូវបានគ្រូពេទ្យតម្រូវឲ្យវះកាត់ដូរក្រៀនជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត តែខ្វះលទ្ធភាពព្យាបាល កំពុងរស់វេទនា លាងឈាមជាប្រចាំនោះ ពេលនេះនាដការីដ៏កម្សតត់រូបនេះ មានក្តីសង្ឃឹមឡើងវិញហើយ បន្ទាប់ពីទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុង ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ធ្វើឲ្យតួឯកអប្សរា ដ៏ល្អឯករូបនេះ រំភើបត្រេកអររហូតហូរទឹកភ្នែក។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក បានសហការជាមួយសមាគមសិល្បករខ្មែរ ដែលមានលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន បានរៀបចំពិធីសំណេះសំណាលជាមួយកញ្ញា សាលី ស្រីមាស នាដការីដ៏មានទេពកោសល្យ ដែលកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារជំងឺខូចតម្រងនោម (ក្រលៀន) ត្រូវលាងឈាមជាប្រចាំ ទាមទារការព្យាបាល វះកាត់ប្តូរក្រលៀន ជាបន្ទាន់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីបម៉ុង និងលោកកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា សិល្បករ សិល្បការិនី មួយចំនួនផងដែរ។

ក្នុងពិធីសំណេះសំណាលនោះ អ្នកឧកញ៉ា លាង ម៉េង បានសម្ដែងសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយកញ្ញា សាលី ស្រីមាស ដែលជានាដការីរបាំព្រះរាជទ្រព្យ និងជាតួអប្សរា ដ៏មានទេពកោសល្យម្នាក់ មានស្នាដៃច្រើន និងជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍនិងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ដែលតែងតែលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ យ៉ាងសកម្ម អ្នកឧកញ៉ា សូមសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែង ការតាំងចិត្តនិងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បការិនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន ក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណ ទាំងនៅកម្ពុជា និងក្រៅប្រទេស ជា មួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។

អ្នកឧកញ៉ា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមជួយថែរក្សា និងជួយកញ្ញាទទួលបានការព្យាបាលឆាប់ជាសះស្បើយពីជំងឺ។ ប៉ុន្តែទន្ទឹមនឹងមានគ្រូពេទ្យជំនាញជួយព្យាបាលហើយ រូបកញ្ញាផ្ទាល់ ជាចំណែករួមដ៏សំខាន់ ក្នុងការថែទាំសុខភាពខ្លួនឯងឱ្យល្អ។ អ្នកឧកញ៉ា បានលើកទឹកចិត្តដល់នាដការី សាលី ស្រីមាស ត្រូវធ្វើការហាត់ប្រាណ ឱ្យបានទៀងទាត់ តាមដានពិនិត្យសុខភាពជាប្រចាំ ទទួលទានអាហារមានជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យរាងកាយមានថាមពល និងទទួលបានសុខភាពល្អឡើងវិញ។

អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនបង្កើតឡើងដោយខ្មែរ មានផ្នត់គំនិតជ្រោមជ្រែងខ្មែរគ្នាឯង ហើយមានតែខ្មែរ ទើបដឹងពីទុក្ខធុរៈខ្មែរយើងច្បាស់។ ក្នុងស្មារតីនេះ ដើម្បីចូលរួមចំណែករំលែកបន្ទុកគ្រួសារនាដការីកម្សត់ ក្រុមហ៊ុនជីប ម៉ុង សូមប្រកាសឧបត្ថម្ភរ៉ាប់រងការចំណាយព្យាបាលជំងឺរបស់នាដការី សាលី ស្រីមាស ដើម្បីជាកម្លាំងចិត្ត និងជួយបំពេញក្តីស្រមៃរបស់ប្អូនស្រី បន្តបម្រើវិស័យសិល្បៈបុរាណខ្មែរ តទៀត។ ក្រុមហ៊ុនជីប ម៉ុង ក៏បានរ៉ាប់រងការចំណាយព្យាបាលអតីតកីឡាករជម្រើសជាតិកម្ពុជា លោក ហួត សុគន្ធា រហូតបានធូរសះស្បើយ ដូចសព្វថ្ងៃនេះផងដែរ។
ជាមួយគ្នានេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការគោរពដ៏ធំធេងចំពោះទឹកចិត្តសប្បុរសធម៌មិនអាចកាត់ថ្លៃបាន របស់អ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុងជូនយុវតី សាលី ស្រីមាស ដែលជានាដការីវ័យក្មេង ប្រកបដោយទេពកោសល្យសិល្បៈដ៏រស់រវើក។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ទៅកាន់នាដការី សាលី ស្រីមាស ថា ៖ «បងស្រីម្នាក់នេះ ក៏សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស ដែលអាចរកឃើញនូវក្តីសង្ឃឹមថ្មីក្នុងជីវិត តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌ ពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុម ហ៊ុន ជីប ម៉ុង ដែលនេះប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី។ កាយវិការរបស់អ្នកឧកញ៉ា ពិតជាកាយវិការប្រកបដោយក្តីសប្បុរស ដែលគួរឱ្យកោតសរសើរនិងកោតស្ញប់ស្ញែង»។
លោកស្រីប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា សាលី ស្រីមាស គឺជានាដការីសិល្បៈប្រកបដោយទេពកោសល្យខ្ពស់ ដែលធ្លាប់បាននាំយកនូវអត្តសញ្ញាណជាតិកម្ពុជា ទៅបង្ហាញទាំងនៅលើឆាកជាតិនិងអន្តរជាតិ។ តាមរយៈស្នាដៃទាំងនេះ ស្រីមាស ពិតជាសិល្បការិនីវ័យក្មេងម្នាក់ ដែលគួរតែទទួលបានគាំទ្រ ថែរក្សា និងផ្តល់តម្លៃខ្ពស់ ដូចអ្វីដែលអ្នកឧកញ៉ា លាង ម៉េង បានធ្វើនាពេលនេះ។ លោកស្រីអ្នកឧកញ៉ា ពិតជាសប្បាយចិត្តក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយប្អូនស្រីដោយផ្ទាល់នៅពេលនេះ។

លោកស្រីអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍បន្តថា «ប្អូនមានដឹងទេថា ព័ត៌មានជុំវិញស្ថានភាពជំងឺដ៏អាក្រក់របស់ប្អូន, ការអំពាវនាវរកជំនួយរបស់ប្អូន និងក្រុមគ្រួសារ មិត្តភក្តិ ពិតជាធ្វើឱ្យមហាជនទូទាំងប្រទេសរំជួលចិត្តយ៉ាងខ្លាំង ហើយក្នុងចំណោមនោះ ក៏មានអ្នកឧកញ៉ា លាង ម៉េង និងបងស្រីម្នាក់នេះផងដែរ ។ ក្រោយមើលឃើញព័ត៌មាននោះភ្លាម អ្នកឧកញ៉ា លាង ម៉េង បានទូរស័ព្ទជជែកពិភាក្សាជាមួយបង ដើម្បីរកវិធីល្អណាមួយ អាចជួយសម្រួលការលំបាករបស់ប្អូន។ នៅទីបំផុត អ្នកឧកញ៉ា លាង ម៉េង ក៏បានសម្រេចជួយលើការព្យាបាលប្អូនទាំងស្រុងតែម្តង ដោយសារតែប្អូនស្រី ជានាដការីវ័យក្មេងមានទេពកោសល្យ ហើយក៏ជាក្មេងស្រីមានជីវិតកម្សត់ មានការតស៊ូ កំព្រាឪពុក តាំងពីតូច និងមានម្តាយជាស្ត្រីបម្រើការងារជាអ្នកអនាម័យនៅក្នុងសណ្ឋាគារមួយ»។
លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំង អស់ ទាំងក្រុមហ៊ុនជីប ម៉ុង ក៏ដូចជាក្រុមការងារសមាគមសិល្បករខ្មែរ ដែលបានជួយខ្នះខ្នែង សម្របសម្រួលយ៉ាងសកម្ម តាំងពីដើមរៀងមក។ ជាពិសេសលោកស្រីអ្នកឧកញ៉ា សូមអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជាថ្មីម្តងទៀត ចំពោះអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានផ្តល់នូវគុណតម្លៃខ្ពស់ ប្រកបដោយការយកចិត្តទុក្ខដាក់ ទឹកចិត្តសប្បុរស និងក្ដីមេត្តាករុណា ចំពោះនាដការី សាលី ស្រីមាស។ និយាយរួម គឺអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ ជ្រោមជ្រែង លើកស្ទួយនិងអភិវឌ្ឍន៍វិស័យសិល្បៈកម្ពុជា នាពេលបច្ចុប្បន្ន។
លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បន្តទៀតថា ក្នុងនាមជាបងស្រីម្នាក់ លោកស្រីពិតជារីករាយដែលប្អូនស្រី សាលី ស្រីមាស បានជួបនឹងការជួយសង្គ្រោះយ៉ាងពិតប្រាកដ។ លោកស្រីក៏សូមលើកទឹកចិត្តឱ្យនាដការី សាលី ស្រីមាស មានភាពរឹងមាំ ក្លាហាន កុំភ័យខ្លាចក្នុងការព្យាបាល ព្យាយាមហាត់ប្រាណ ឱ្យបានទៀងទាត់ និងគ្រប់គ្រងរបបអាហារ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យដំណើរការនៃការត្រៀមព្យាបាល ការព្យាបាល និងក្រោយព្យាបាល ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ។

ឆ្លើយតបទៅនឹងគុណូបការៈនៃការសង្គ្រោះជីវិតនេះ នាដការី សាលី ស្រីមាស អាយុ២៥ឆ្នាំ ពិតជាមានក្ដីរំភើបរីករាយយ៉ាងក្រៃលែងជាទីបំផុត រហូតហូរទឹកភ្នែក និយាយមិនរួច ព្រោះមិនដឹងថាត្រូវរកពាក្យអ្វីមកថ្លែងឱ្យសមទៅនឹងទឹកចិត្តរបស់អ្នកឧកញ៉ា លាង ម៉េង និងក្រុមគ្រួសារ ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាពេលនេះនោះទេ។ ស្រីមាស និយាយថា នាងមានតែសន្យាថា នឹងខិតខំថែរក្សាសុខភាព ដើម្បីត្រៀមខ្លួនទៅទទួលយកការព្យាបាលជាបន្តបន្ទាប់ តាមការណែនាំផ្ដាំផ្ញើរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដើម្បីបានបន្តជីវិតរស់ ជួយបម្រើនិងលកស្ទួយសិល្បៈបុរាណខ្មែរ នាំយកនូវអត្តសញ្ញាណជាតិកម្ពុជា ទៅបង្ហាញទាំងនៅលើឆាកជាតិនិងអន្តរជាតិ ជាបន្តបន្ទាប់ទៀត៕ ខៀវទុំ