Monday, February 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែង.../ឯកសារឡាន លក់៣ម៉ឺនដុល្លារ ជា---/ប់ខ្នោះ

ក្លែង…/ឯកសារឡាន លក់៣ម៉ឺនដុល្លារ ជា—/ប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំឯកសារលក់រថយន្តទំនើប ១គ្រឿង ម៉ាកឡង់គ្រីសឺរ ក្នុងតម្លៃជាង​ ៣ម៉ឺនដុល្លារ ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់ខ្លួន បញ្ជូនទៅចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសែម ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះសូល រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានលំនៅដ្ឋាន ភូមិចម្ការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្តឹងឈ្មោះសែម ម៉ាប់ ពីបទឆបោកលក់រថយន្តឡង់គ្រីសឺ រស៊េរីឆ្នាំ២០១០ ឡើងស៊េរីឆ្នាំ២០២២ ដោយប្រើប្រាស់ឯកសារក្លែងក្លាយ លក់រថយន្តតម្លៃ ៣១ ០០០ដុល្លារ  កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចការ៉ាស់សាំងភីធីធី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

ក្រោយពីនាំយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តាមបណ្តឹង និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវបានកមាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមច្បាប់៕

RELATED ARTICLES