ខេត្តសៀមរាប ៖ កុដិឈើ ១ខ្នង ដែលផ្ទុកទៅដោយសៀវភៅ ក្បូនតម្រា សម្ភារៈផ្សេងៗ សម្រាប់ព្រះសង្ឃរៀនសូត្រ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ ដោយមូលហេតុផ្តើមចេញពីការដុតទៀន ភ្លេចពន្លត់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច បញ្ជូនរថយន្ត ពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបរេវិណវត្តទេពប្រណម្យ ស្ថិតក្នុងបរិវេណប្រាសាទអង្គរធំ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងអង្គរធំ។កុដិឈើដែលរងការឆាបឆេះ សង់ពីឈើ និងមានទំហំ៧,៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ស្ថិតក្នុងវត្តទេពប្រណម្យ។តាមប្រភពសាមណេរ គង់នៅវត្តខាងលើ មានឲ្យដឹងថា កុដិឈើ មួយខ្នងខាងលើ ជាកន្លែងប្រជុំទៅដោយនេន គង់រៀនសូត្រ និងស្រាវជ្រាវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា តែគួរឱ្យសោកស្តាយ មកដល់ព្រឹកថ្ងៃនេះ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង សូម្បីតែសៀវភៅក្បូនតម្រា សម្ភារៈផ្សេងៗ យកចេញមិនទាន់ផង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីមានករណីភ្លើងឆេះកុដិខាងលើ លោកស្នងការ បានចេញបញ្ជាឱ្យលោកស្នងការរង ទទួលផែនការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៥ទ្បាន។

ប្រភពដដែល បន្តថា រថយន្តពន្លត់អគ្គិភ័យដែលចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ទ្បាន។ រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ទ្បាន។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពបេតិកភណ្ឌ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ទ្បាន។ កម្លាំងជំនាញបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺថ្ងៃដដែល ដោយមិនធ្វើឱ្យមានការឆេះរាលដាល ឬបង្កឱ្យព្រះសង្ឃ ឬអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ចំពោះមូលហេតុ បណ្តាលមកពីព្រះសង្ឃដុតទៀន មិនប្រយ័ត្ន បណ្តាលឱ្យឆាបឆេះតែម្តង៕
