ភ្នំពេញ ៖ បុរសម្នាក់ បានពឹងឱ្យក្មេងប្រុសម្នាក់ ជូនខ្លួននិងសង្សារ ទៅដេកនៅផ្ទះសំណាក់ រួចឱ្យក្មេងប្រុសនោះជិះម៉ូតូយកមកទុកនៅផ្ទះជួលវិញ ស្រាប់តែក្រោយមានជនសង្ស័យវ័យចំណាស់ម្នាក់ បានចូលមកធ្វើ សកម្មភាពកាច់កម៉ូតូ ប៉ុន្តែត្រូវបានអ្នកជិតខាងប្រទះឃើញទាន់ ស្រែកឆោឡោ ដេញចាប់ជាប់ម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀង សុធី អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់រាំង ឃុំកំពង់រាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ គឺនៅពេលមានលុយ ដេកនៅផ្ទះសំណាក់ និងពេលគ្មានលុយ យប់ត្រង់ណា ដេកត្រង់នោះ។ ចំណែកម៉ូតូដែលជនសង្ស័យបម្រុងលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9745 ជារបស់ជន រងគ្រោះឈ្មោះ ចយ (អំឡុងពេលកើតហេតុ ម្ចាស់ម៉ូតូរវល់ដេកជាមួយសង្សារនៅផ្ទះសំណាក់)។

ក្រោយពេលឃាត់ខ្លួនបាន ប្រជាពលរដ្ឋបានប្រគល់ជនសង្ស័យឱ្យនគរបាលសាកសួរ ហើយនគរបាលបានដកហូតឧបករណ៍សម្រាប់កាច់សោកម៉ូតូ ២ដើម។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះស្វិត មិនដឹងអាយុ និងកន្លែងស្នាក់នៅនោះឡើយ។ នៅពេលមានការភ្ញាក់ផ្អើល ជនសង្ស័យទី២ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មិនចាំស្លាកលេខ គេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាទៅឈប់នៅមុខផ្ទះជួលកើតហេតុ បន្ទាប់មក ជនសង្ស័យឈ្មោះអៀង សុធី ដែលជាអ្នក ជិះខាងក្រោយ បានចុះដើរចូលទៅធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9745។ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះស្វិត ដែលជាអ្នកបើកបរ បានអង្គុយចាំនៅលើម៉ូតូ ហើយខណៈពេលកំពុងធ្វើសកម្មភាព ត្រូវបានពួកគាត់នៅជិតនោះឃើញទាន់ ស្រែកបង្កការភ្ញាក់ផ្អើល និងឡោមព័ទ្ធចាប់បានម្នាក់ ឈ្មោះអៀង សុធី ភ្លាមៗ រួចប្រគល់ជូននគរបាល រីឯម្នាក់ទៀត ឈ្មោះស្វិត ជិះម៉ូតូគេចខ្លួនបាត់។

សមត្ថកិច្ច បានឱ្យដឹងថា ម៉ូតូខាងលើ គឺជាកម្មសិទ្ធិរបស់ឈ្មោះ ចយ ហើយកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ម៉ូតូ បានពឹងឱ្យក្មេងប្រុសជំទង់ម្នាក់ ឈ្មោះឃួន សៅ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជិះដឹកខ្លួននិងសង្សារ ទៅដេកនៅផ្ទះសំណាក់ ១កន្លែង។ លុះពេលទៅដល់ ឈ្មោះ ចយ បាននាំសង្សារចូលដេកក្នុងផ្ទះសំណាក់ ហើយបានឱ្យក្មេងប្រុសជំទង់ខាងលើ ជិះម៉ូតូរបស់ខ្លួនត្រឡប់ទៅ កាន់ផ្ទះជួលវិញតែម្នាក់ឯង ហើយក្រោយពេលដល់ផ្ទះជួល ក្មេងប្រុសជំទង់បានទុកម៉ូតូនៅខាងក្រោម រួចឡើងទៅដេកនៅក្នុងបន្ទប់ជួល ជាន់លើ។ ស្រាប់តែព្រឹកថ្ងៃកើតហេតុ ក៏លេចមុខជនសង្ស័យខាងលើ បានទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ ប៉ុន្តែត្រូវប្រជាពលរដ្ឋឃើញទាន់ ទើបលួចមិនបាន ហើយជនសង្ស័យម្នាក់ ត្រូវឃាត់ខ្លួន និងបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់។ ខណៈនោះ ម្ចាស់ម៉ូតូ មិនទាន់បានដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចនោះទេ ព្រោះរវល់ដេកនៅក្នុងផ្ទះសំណាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ និងទទួលពាក្យបណ្តឹងពីក្មេងប្រុស ឈ្មោះ ឃួន សៅ រីឯម៉ូតូរបស់ជនរងគ្រោះ បាននាំយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ រង់ចាំម្ចាស់យកឯកសារទៅទទួលយកវិញ៕
