ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ តែដើរធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទដៃ ព្រមទាំងរបស់មានតម្លៃនៅតាមផ្សារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីនៅតូច រហូតមកដល់ឆ្នាំ២០២៥ នាងមានវ័យ១៦ឆ្នាំទៅហើយ នៅតែដើរលួចដដែល ចុងក្រោយចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទរបស់អាជីវករផ្សារព្រែកជ្រៃ តែត្រូវម្ចាស់គេទាន់ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីចោរស្រីវ័យក្មេងលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចផ្សារព្រែកជ្រៃ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ជនសង្ស័យ មានឈ្មោះឡាយ ស្រីណែត អាយុ១៦ឆ្នាំ មានលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ចំណែក់ជនរងគ្រោះ មានឈ្មោះសួន ស្រូយ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរនៅក្នុងផ្សារព្រែកជ្រៃ មានលំនៅ ផ្ទះលេខ 29B ផ្លូវលំភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ទូរស័ព្ទដៃ ម៉ាក iPhone13 Pro Max ពណ៌ប្រផេះ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) និងទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខ្មៅ១គ្រឿង (ជារបស់ជនសង្ស័យ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអាជីវករខាងលើ បានទុកទូរស័ព្ទដៃ ម៉ាក iPhone 13Pro Max សាកថ្មនៅលើតុបាយ ក្នុងតូបលក់ខោអាវ និងបានអង្គុយលក់ដូរសម្លៀកបំពាក់ជាធម្មតា។ លុះដល់ពេលកើតហេតុ ស្រាប់តែក្មេងស្រីសង្ស័យខាងលើ បានចូលតាមទ្វារក្រោយ ធ្វើសកម្មភាពលួចយកទូរស័ព្ទនោះ ប៉ុន្តែត្រូវបានស្ត្រីដែលជាម្ចាស់ទូរស័ព្ទ ក្រឡេកឃើញទាន់ ក៏បានស្រែកឆោឡោថា ចោរ!ៗ និងរត់ដេញតាមចាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងផ្សារ ហើយក្មេងស្រីសង្ស័យបានរត់គេចខ្លួន រហូត ដល់ មុខបន្ទប់ទឹកខាងកើតផ្សារព្រែកជ្រៃ ចម្ងាយប្រមាណ៧០ម៉ែត្រ ពីកន្លែងកើតហេតុ ត្រូវបានម្ចាស់និងក្រុមអាជីវករតាមទាន់ និងឃាត់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ក្មេងស្រីជាជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
