Wednesday, April 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនេនលួចឆា.../ន់ស្រា ចៅអធិការវ៉ៃ---/នឹងខ្សែភ្លើង

នេនលួចឆា…/ន់ស្រា ចៅអធិការវ៉ៃ—/នឹងខ្សែភ្លើង

ខេត្តសៀមរាបៈ សាមណេរ ចំនួន២អង្គ ត្រូវបានព្រះចៅអធិការប្រើខ្សែភ្លើងវាយ បណ្តាលឱ្យមានរបួសស្នាម និងត្រូវបានញោម (ឪពុក ម្តាយ) ដឹងរឿង ខឹងសម្បា ក៏បង្ហោះហ្វេសប៊ុក ចោទព្រះចៅអធិការ ប្រើហិង្សាមកលើលោកកូនរបស់ខ្លួន តែករណីនេះ ត្រូវបានព្រះចៅអធិការ  បញ្ជាក់ថា មូលហេតុដែលព្រះអង្គវាយលោកនេន ទាំង២អង្គនោះ គឺជាការប្រៀនប្រដៅ ដោយសារតែ ប្រព្រឹត្តខុសក្នុងវិន័យសង្ឃ លួចទិញស្រា មកឆាន់។ករណីហិង្សា ព្រះចៅធអធិការប្រើខ្សែភ្លើងវាយប្រដៅសាមណេរនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបរិវេណវត្តសសរស្តម្ភ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក។ យ៉ាងណា ករណីនេះត្រូវបានសម្របសម្រួល បញ្ចប់វិវាទរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

សាមណេរទាំង២អង្គ ដែលព្រះចៅអធិការវាយបែកខ្នង ទី១-មានព្រះនាម ឈាន ច័ន្ទរតនា ព្រះជន្ម ១៤វស្សា មាន ស្រុកកំណើតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ទើបបួសបានរយៈពេលជាង ១ខែប៉ុណ្ណោះ និងទី២-ព្រះនាម នក តុលា ព្រះជន្ម១៧វស្សា មានស្រុកកំណើតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ទើបបួសបានរយៈពេល៤ខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ chhem chanthy ថា “ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សាលើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង…”។

បន្ទាប់ពីទទួលបានករណីខាងលើនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក បានចុះធ្វើការស្រាវជ្រាវ និងសាកសួរទាំងភាគីម្ចាស់គណណីហ្វេសប៊ុក ព្រមទាំងព្រះចៅអធិការវត្ត ដើម្បី ឱ្យដឹងពីមូលហេតុពិតប្រាកដ។

ព្រះតេជគុណ ម៉ែន សាម៉ន ព្រះជន្ម ៤២វស្សា ព្រះចៅអធិការវត្តសសរស្តម្ភ បានបញ្ជាក់ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះអង្គ ពិតជាបានយកខ្សែភ្លើងវាយប្រដៅទៅលើសាមណេរ ចំនួន២អង្គ ប្រាកដមែន ដោយ ទី១-លោកនេនឈ្មោះឈាន ច័ន្ទរតនា ដែលទើបបួសបាន ១ខែប៉ុណ្ណោះ តែបានប្រព្រឹត្តខុសក្នុងវិន័យសង្ឃ លួចទិញស្រា ១ដប មកឆាន់នៅយប់បុណ្យទេសនា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយឆាន់តែម្នាក់ឯងទេ ហើយមានពួកម៉ាកជាក្មេងៗអ្នកស្រុក មកលេងជាមួយនេនរូបនេះផង នាំឱ្យគ្មានវិន័យ។ ទី២-លោកនេនឈ្មោះ នក តុលា ដែលទើបបួសបាន ៤ខែប៉ុណ្ណោះ។

ព្រះចៅអធិការវត្តសសរស្តម្ភ បន្តថា ការប្រៀនប្រដៅនេះ ដើម្បីណែនាំឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធសាសនា ឱ្យបានល្អប្រសើ ហើយការអប់រំនោះ ពុំមានគំនុំគុំកួនអ្វីឡើយ។

ករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេន ចំនួន២អង្គ នៅវត្តសសរស្តម្ភ ចៅអធិការវត្ត បានទទួល ស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលសាមណេរទាំង២អង្គ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបានសសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿង ដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

ក្រោយរឿងហេតុ សាមណេរឈ្មោះឈាន ច័ន្ទរតនា អាយុ១៤ឆ្នាំ បានសុំព្រះតេជគុណចៅអធិការសឹក ហើយត្រឡប់ទៅផ្ទះវិញ។ ចំណែកសាមណេរ ឈ្មោះ នក តុលា អាយុ១៧ឆ្នាំ បានសុំព្រះតេជគុណចៅអធិការ និមន្តទៅគង់នៅវត្តគូ ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប វិញ។

សូមបញ្ជាក់ថា សាមណេរដែលបួសរៀន និងគង់នៅក្នុងវត្តសសរស្តម្ភ មានសរុប១៣អង្គ ជាក់ស្តែងសល់តែ ១១អង្គ ដោយនេន ១អង្គ ក្រោយត្រូវរំពាត់ បានសុំផ្សឹក និងនេន១អង្គទៀត បានសុំចេញទៅនៅវត្តគូ។ ចំពោះវិន័យសង្ឃ ព្រះតេជគុណចៅអធិការវត្ត បានប្រៀនប្រដៅទៅលើលោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឈជាប្រចាំ (លោកនេនៗត្រូវរំពាត់ជាញឹកញាប់គ្រប់ៗគ្នា)៕

RELATED ARTICLES