Wednesday, February 26, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជួបមេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក

នាយករដ្ឋមន្ត្រីកម្ពុជា ជួបមេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិ ភាព។

ក្នុងឱកាសនៃជំនួប, លោក រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបលោក និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។  លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមលើនោះ លោក រ៉ូណាល់ ខ្លាក បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកង កម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួន លើពិភពលោក ។

ជាការឆ្លើយតប, សម្ដេចហ៊ុន ម៉ាណែត បានស្វាគមន៍លោកនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជើងគោគ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក សហ រដ្ឋអាមេរិក។ សម្ដេច បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡើងវិញលើសកម្មភាពមួយចំនួន ដូចជា ការបណ្ដុះបណ្ដាល ជាដើម នាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់ការគាំទ្រកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា “ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំង ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសលើពិភពលោក”។

ក្នុងឱកាសនោះដែរ សម្ដេចហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកសហអាមេរិក និងបញ្ជាការ ដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕

RELATED ARTICLES