ខេត្តកណ្តាល ៖ បុរសម្នាក់ បានចតម៉ូតូ ១គ្រឿង ទុកចោលក្បែរមាត់បឹង ហើយដើររកកន្លែងស្ទូចត្រី ស្រាប់តែជនសង្ស័យម្នាក់ ឃើញមានឱកាសល្អ លួចជិះចេញ តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោ ផ្អើលអ្នកជិត ខាង ជិះម៉ូតូប្រដេញតាម ធ្វើឱ្យជនសង្ស័យភ័យ រត់ទៅសម្ងំក្នុងទឹក លុះសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់ក្របួចជាប់ ឆ្លើយដោះសាថា ខ្លួនចុះទឹក រកខ្យងអត់ដឹងរឿងអីទេ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្បែរមាត់បឹង ១កន្លែង ស្ថិតនៅក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រា កដ មានលំនៅ ភូមិព្រែកតាជាំង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (មានសារធាតុញៀន)។ ចំណែកវត្ថុតាងចាប់យក រួមមាន អាវកាក់ពណ៌លឿង មានអក្សរចិន ចំនួន១ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH- 0975 ជារបស់ជនរងគ្រោះ ឈ្មោះនុត កុល្លីដា ភេទប្រុស អាយុ៤៧ឆ្នាំ មុខ របរនៅផ្ទះ មានលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។


តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួន នៅក្បែរបឹង ជិតផ្លូវទៅព្រលានយន្តហោះថ្មី ស្ថិតនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយបានដើរទៅឈរស្ទូចត្រី នៅក្បែរនោះ។ លុះក្រោយមក មានជនសង្ស័យម្នាក់ ពាក់អាវកាក់ពណ៌លឿង បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅ ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែក “ចោរ!ៗ” និងត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយយកម៉ូតូជិះដេញតាមរហូតដល់រង្វង់មូលកួរស្រូវ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបជនសង្ស័យបានផ្តួលម៉ូតូចោល ហើយដោះអាវកាក់បោះចោល រួចបានរត់ចូលក្នុងបឹងវាលស្រែក្បែរនោះ។ ក្រោយមក ជនរងគ្រោះបានប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ជើងកើប និងប្រជាការពារ បាននាំគ្នាតាមស្វែងរក ឃើញជនសង្ស័យឈ្លោះលី ឌីណា នៅក្នុងបឹងនោះ ហើយប្រជាពលរដ្ឋព្រួតវាយម្នាក់មួយដៃមួយជើង រួចយកទៅសាកសួរនៅប៉ុស្តិ៍ជើងកើប និងបានរាយការណ៍មកប៉ុស្តិ៍នគរបាលព្រែកហូរ ឱ្យទៅទទួលយកមកសាកសួរបន្ត ដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដូចការចោទប្រកាន់នោះទេ ហើយក៏មិនដឹងថា នណាជាអ្នកលួចនោះដែ ហើយមូលហេតុដែលខ្លួនចុះទៅនៅក្នុងបឹងនោះ គឺដើម្បីរកខ្យង។

យ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕