ខេត្តសៀមរាប ៖ បុរស ២នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូ ១គ្រឿង ដឹកគ្នាសំដៅទៅកន្លែងសម្រាក លុះនៅតាមផ្លូវ កើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរស ២នាក់ទៀត ជាមន្ត្រីនគរបាល កំពុងស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នា ធ្វើឱ្យកើតជាជម្លោះ ឈានដល់អំពើហិង្សា វាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យបែកមាត់រៀងខ្លួន និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍នាំយកទៅសាកសួរ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្តុបសាលាក្រួស ក្នុងក្រុងសៀមរាប។
ជុំវិញករណីខាងលើនេះ អ្នកនាំពាក្យនិងព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ទំនាស់អំពើហិង្សា ដែលបានកើតឡើងនៅស្តុបសាលាក្រួស ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺពាក់ព័ន្ធនឹងទំនាស់ចរា ចរណ៍ រវាងប្រជាពលរដ្ឋ (អ្នកបើកម៉ូតូ) និងមន្ត្រីនគរបាល (អ្នកបើករថយន្ត) ដែលទាំងអស់គ្នាបានបើកបរនៅក្នុងស្ថានភាពមានជាតិអាល់កុល និងមិនគោរពសិទ្ធិអាទិភាព។ យ៉ាងណា គូភាគីទាំងពីរបានទទួលស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នាបញ្ចប់ទំនាស់រួចរាល់។

អ្នកនាំពាក្យ និងព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តថា ១-ឈ្មោះសែ សុខ ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះនាង សុឡេង ភេទប្រុស អាយុ២៩ឆ្នាំ (ជនស៊ីវិល) បានឆ្លើយថា វេលាម៉ោង១១យប់ ពួកខ្លួនបានចេញពីហាងសែនសប្បាយ៧ (ក្រោយស្តាត) ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ហើយបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ត្រឡប់ទៅកន្លែងធ្វើការនៅដំណាក់ស្ប៉ា នៅផ្លូវក្រវាត់ក្រុង ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ លុះបើកដល់ចំណុចមុខសណ្ឋាគារស៊ីធីអង្គរ (ខាងកើតស្តុបក្រួស) រូបខ្លួន (ឈ្មោះនាង សុឡេង) បានស៊ីញ៉ូបត់ឆ្វេង បម្រុងឆ្លងថ្នល់ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ជាន់ហ្វ្រាំងយ៉ាងខ្លាំងពីក្រោយ ខ្លួនក៏បើកទៅមុខ ដល់ស្តុបសាលាក្រួស ក៏ឈប់ម៉ូតូ ហើយត្រូវបានភាគីអ្នកបើករថយន្តស្តីបន្ទោស ហើយនៅពេលភាគីអ្នកបើករថយន្ត (ឈ្មោះហាក់ ចន្ទដារា) បើកទ្វារបម្រុងចុះពីលើរថយន្ត ឈ្មោះសែ សុខ បានស្ទុះទៅរុញទ្វារថយន្តមិនឱ្យចុះបាន ភ្លាមនោះអ្នកអមដំណើរម្នាក់ ឈ្មោះប៊ុត សម្បត្តិ បានចុះពីរថយន្ត ផ្នែកខាងស្តាំ ហើយវាយទៅលើឈ្មោះនាង សុឡេង ចំមាត់ ចំនួន១ដៃ បណ្តាលឱ្យរងរបួសស្រាល ភ្លាមនោះរូបខ្លួនក៏ប្រើហិង្សាទៅលើឈ្មោះប៊ុត សម្បត្តិ ជានគរបាលវិញ ប្រហែល២ ទៅ០៣ដៃ។

២-ចំណែកឈ្មោះប៊ុត សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ ឈ្មោះហាក់ ចន្ទដារា ភេទប្រុស អាយុ៥០ឆ្នាំ (ជានគរ បាលជាតិ) បានឆ្លើយថា មុនពេលកើតហេតុ រូបខ្លួនទាំងពីរបើករថយន្តចេញពីមុខវត្តកេសរារាម ស្ថិតភូមិតាភុល សង្កាត់ស្វាយដង្គុំ បើកបរពីកើត ទៅលិច ក្នុងគោលបំណង ទៅដេកប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដល់មុខសណ្ឋាគារស៊ីធីអង្គរ (ខាងកើតស្តុបក្រួស) ម៉ូតូខាងលើបានស៊ីញ៉ូ ហើយបម្រុងបត់ឆ្លងថ្នល់ កាត់ពីមុខឡានខ្លួន ហើយខ្លួនបានជាន់ហ្វ្រាំងយ៉ាងខ្លាំង ព្រោះខ្លាចបុកភាគីខាងម៉ូតូ ភ្លាមនោះអ្នកបើកម៉ូតូ បានបើកទៅមុខ ដល់ស្តុបសាលាក្រួស ហើយពួកខ្លួនក៏បានណែនាំទៅភាគីម៉ូតូថា បើកបរឱ្យមានការប្រុងប្រយ័ត្ន គោរពសិទ្ធិអាទិភាព ពេលនោះក៏ក្លាយជាទំនាស់ពាក្យសម្តី មានអំពើហិង្សាទៅវិញទៅមកដូចបានរៀបរាប់ខាងលើ។
សូមបញ្ជាក់ថា នៅក្នុងហេតុការនោះមានកម្លាំងនគរបាលកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួល តែភាគីទាំងពីរពុំស្តាប់ ក៏បាននាំយកទៅប្រគល់ជូនមន្ត្រីជំនាញព្រហ្មទណ្ឌ និងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក សហការបន្តនីតិវិធី ដើម្បីពិនិត្យរកជាតិអាកុលលើភាគីទំនាស់ ដោយរកឃើញលទ្ធផលដូចខាងក្រោម ៖
– ភាគីអ្នកជិះម៉ូតូ (ប្រជាពលរដ្ឋ) ១-ឈ្មោះសែ សុខ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិអាល់កុល ០០,០មិល្លីក្រាម ក្នុង១លីត្រខ្យល់ (អ្នកបើកបរម៉ូតូ)។ ២-ឈ្មោះនាង សុឡេង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិអាល់កុល ១,០៤មិល្លីក្រាម ក្នុង១លីត្រខ្យល់។
– ភាគីអ្នកជិះរថយន្ត (នគរបាល) ១-ឈ្មោះប៊ុត សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិអាល់កុល ០,៤៤មិល្លីក្រាម ក្នុង១លីត្រខ្យល់។ ២-ឈ្មោះហាក់ ចន្ទដារា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិអាល់កុល ០,៤០មិល្លីក្រាម ក្នុង១លីត្រ ខ្យល់។

អ្នកនាំពាក្យ និងក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមបញ្ជាក់ជូនថា ករណីហិង្សា ស្រាលដែលបានកើតឡើងនេះ ព្រោះតែភាគទាំងពីរនេះ បើកបរមានជាតិអាល់កុលក្នុងខ្លួន និងមិនគោរពសិទ្ធិអាទិភាព។ តែទោះយ៉ាងណា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីខាងលើនេះ គូភាគីទាំងពីរបានទទួល ស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នា បញ្ចប់ទំនាស់រួចរាល់។
ចំពោះមន្ត្រីនគរបាលជាតិនិងប្រជាពលរដ្ឋដែលមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក បានវាស់ជាតិអាល់កុល រកឃើញអំពីលទ្ធផលខាងលើ គឺលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តតាមអនុក្រឹត្យលេខ៣៩ ត្រង់មាត្រា១០ លើអ្នកបើកបររថយន្ត និងមាត្រា៦ លើអ្នកបើកបរម៉ូតូ។ លើសពីនេះ មន្ត្រីនគរបាលជាតិ ទាំងពីររូបខាងលើ តាមបទបញ្ជារបស់លោកស្នងការ បានចាត់ក្រុមប្រឹក្សាវិន័យ ឱ្យពិនិត្យនិងចាត់ចែងតាមបទវិន័យនគរបាលជាតិ៕