ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងលើសួនពុះចែកផ្លូវ រួចបន្តទៅបុកបង្គោលស្លាកប៉ាណូ បាក់១ដើម ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Ford Ranger XLT ពណ៌ស ពាក់ស្លាកលខ ភ្នំពេញ 2BS-3821 បើកបរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតរថយន្តមកខាងឆ្វេងដៃ ឡើងលើសួនពុះចែកផ្លូវ រួចបន្តទៅបុកបង្គោលស្លាកប៉ាណូ យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ ចំនួនមួយដើម ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងធ្ងន់ ហើយភ្លាមនោះ អ្នកបើករថយន្តបង្កហេតុ ត្រូវបានពលរដ្ឋជួយគាស់យកចេញពីក្នុងរថយន្ត ដោយសុវត្ថិភាពមិនមានរងរបួសនោះទេ រួចក៏បានដើរចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ធ្វើការ វាស់វែង រួចស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
