ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ២ឆ្នាំ៧ខែ ដែលមានលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី បន្ទាប់ពីក្មេងប្រុសរូបនេះ បានដេកនិងលេងនៅក្រោមផ្ទះ ជិតទ្រុងមាន់ ដែលមានមាន់ឈឺនិងងាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារ អាយុ ២ឆ្នាំ៧ខែ មានខ្លឹមសារទាំងស្រុងថា «សួងសុខាភិបាល នៃព្រះរា ជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន១ករណី កើតលើកុមារ អាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារឪពុកម្តាយទើបតែបាននាំកុមារមកដល់មន្ទីរពេទ្យ បណ្តាលឱ្យកុមារ មានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការសាកសួរ បង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ ប្រហែល ១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេកនិងលេងនៅក្រោមផ្ទះ ជិតទ្រុងមាន់។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅ តាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគ សញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យ មានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្ស ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។
របៀបបង្ការ ៖ កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺឬងាប់ និងពាក់ស្រោមដៃនិងម៉ាស់ ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។
– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
– ត្រូវចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនល្អ មុនបរិភោគ ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ។

– ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន នៅផ្ទះឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហ ទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ»៕