ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រមាណជិត៧០០គីឡូក្រាម មកបើកសវនាការ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។

សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោកតុប ឈុនសុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងមានជន ជាប់ចោទ ២នាក់ នៅមុខរង្វង់ក្រចកសេះ អមដោយមេធាវីការពារក្តី ក្នុងការសាកសួរដេញដោលផងដែរ។
ជនជាប់ចោទទាំង២នាក់ រួមមាន ម្នាក់ឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ DUONG TIEN ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបទសម្អាតប្រាក់។

ក្រោយបញ្ចប់សវនាការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទទាំង២នាក់ ទៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
គួររំលឹកថា កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពី លោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន២គោលដៅ ក្នុងនោះ គោលដៅទី១- នៅចំណុចខុនដូ ហ្សង់អេលីហ្សេ បន្ទប់លេខ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២-នៅចំណុចខុនដូ ផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផល ចាប់ខ្លួនជនសង្ស័យ ២នាក់ ១-ឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម និង២-ឈ្មោះ DUONG TIEN ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិវៀតណាម។
ជាមួយនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមាន ១-សារធារញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៥៩៤គីឡូ ៨១២ក្រាម (ជិត៦០០គីឡូក្រាម)។ ២-សារធាតុញៀន ប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨គីឡូ ៩១៩,០១ក្រាម (ជិត៥០គីឡូក្រាម)។
៣-សារធាតុញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៧គីឡូ ៩៩០,០៤ក្រាម (ជិត៨គីឡូក្រាម)។ ៤-កញ្ជាក្រៀម (MARIJUANA) ទម្ងន់១៧គីឡូក្រាម។ ៥-សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម៕