
ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច បានតែងតាំងលោក ជា ធីរិទ្ធ អតីតអ្នកសារព័ត៌មានម្នាក់ ជាអ្នកនាំពាក្យថ្មី របស់គណបក្ស បន្ថែមលើអ្នកនាំពាក្យចាស់ៗ ៣រូបទៀត។ ជាមួយនេះ សម្តេច បានទម្លាយថា បន្ទាប់ពីសម្តេច បានប្រកាសថា សម្តេច បានឆ្លងកូវីដ-១៩ និងត្រូវអវត្តមានក្នុងកិច្ចប្រជុំនានាមក មានអ្នកបន់ឲ្យសម្តេច ឆាប់ជា ចំនួនច្រើនលើសលប់ និងអ្នកបន់ឲ្យសម្តេច ឆាប់ស្លាប់ មានចំនួនតិចតួច ដែលសុទ្ធសឹងតែពួកជ្រុលនិយម។

សម្តេចហ៊ុន សែន បានបង្ហោះរូបភាពសម្តេច លេងកីឡាវាយកូនគោល ជាមួយសំណេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា «អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជា ដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ ដែលមានចំនួនតិចតួច ដែលសុទ្ធសឹងតែពួកជ្រុលនិយម។ ព្រឹកនេះ ខ្ញុំប្រើពេលជាង៣ម៉ោង វាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ឆ្នាំ ពេលវាយ driver ចេញ។ គ្មានក្អក គ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀត បានលើកទឹកចិត្តឲ្យខ្ញុំហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោល ដែលជាកីឡាដែលខ្ញុំចូលចិត្តដើម្បីហាត់ប្រាណ តែខ្ញុំនៅតែប្រុងប្រយ័ត្ន មិនឲ្យជំងឺខ្ញុំឆ្លងទៅអ្នកផ្សេងទៀត ពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោល។ ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-19 ខ្ញុំនៅតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ។ ខ្ញុំសង្ឃឹមថា នឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ៉ា លី ហួរ នៅថ្ងៃ ៧មីនា ២០២៥ ខាងមុខ»។

គួរបញ្ជាក់ថា សម្ដេចហ៊ុន សែន បានបង្ហោះរូបភាពនិងសំណេរខាងលើនេះ បន្ទាប់ពីសម្តេច ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទើបតែបានចេញសេចក្ដីសម្រេច តែងតាំងលោកជា ធីរិទ្ធ អតីតអ្នកសារព័ត៌មានម្នាក់ ជាអ្នកនាំពាក្យថ្មី របស់គណបក្សប្រជាជនកម្ពុជា ខណៈដែលនាពេលកន្លងមក គណបក្សកាន់អំណាចនេះ មានអ្នកនាំពាក្យ ៣រូប គឺលោកសុខ ឥសាន សមាជិកព្រឹទ្ធសភា លោកបណ្ឌិតឈឹម ផលវរុណ ប្រធានអគ្គលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងលោកសួស យ៉ារ៉ា សមាជិកសភា ។

យោងតាមសេចក្ដីសម្រេច ស្ដីពីការតែងតាំងមន្រ្តីគណបក្ស របស់គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយសម្ដេចហ៊ុន សែន ប្រធានគណបក្ស បានសម្រេចតតែងតាំងលោក ជា ធីរិទ្ធ ជាអនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា មុនត្រូវបានតែងតាំងជាអនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ អតីតអ្នកសារព័ត៌មាន ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយករងខុទ្ទកាល័យសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងតែងតាំងនិងផ្តល់ឋានៈលោកជា ធីរិទ្ធ ជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខាធិការ។

ដោយឡែក នៅចុងនីតិកាលទី៦ នៃរដ្ឋសភា លោក ជា ធីរិទ្ធ ធ្លាប់ត្រូវបានតែងតាំងជាជំនួយការសម្ដេចហ៊ុន សែន និងជំនួយការនាយករដ្ឋមន្ត្រី (សម្ដេចហ៊ុន ម៉ាណែត) នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ។
ទាក់ទងដល់ប្រវត្តិការសិក្សានិងការងារ លោកជា ធីរិទ្ធ គឺអតីតអ្នកសារព័ត៌មាន ដែលបានប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជាង១០ឆ្នាំ ដោយបានចូលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន ។ បន្ថែមពីលើនេះ លោកគឺជាគ្រូឧទ្ទេសកម្រិតឧត្ដមសិក្សា ដែលបានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិត ពីសាកលវិទ្យាល័យបារាំង ។

លោក ជា ធីរិទ្ធ ប្រសូតចេញពីគ្រួសារកសិករ ដែលមានឪពុក ជាអ្នកឡើងត្នោត ដែលពីដើមឡើយ លោកមិនធ្លាប់ស្រមៃថា ទទួលបានតំណែងទាំងអស់នេះឡើយ ព្រោះកាលនៅរៀនឯស្រុកកំណើត លោកមិនហ៊ានទាំងស្រមៃថាអាចរៀនចប់វិទ្យាល័យផង ក៏ព្រោះតែអ្នកជុំវិញខ្លួន ក៏ដូចជាបងប្អូន បានឈប់រៀន ទាំងមិនចប់អនុវិទ្យាល័យ។ យ៉ាងណា លោកថា ការងាររបស់លោក បានជោគជ័យ ដោយសារតែលោកខិតខំរៀនសូត្រ ជាពិសេសការងារជាជំនួយការថ្នាក់ដឹកនាំ គឺផ្ដើមពីភាពច្បាស់ការក្នុងអាជីពអ្នកសារព័ត៌មាន តាមរយៈប្រឹងប្រែងរៀនសូត្រពីអាជីពផង ពីនយោបាយ សេដ្ឋកិច្ច និងការងារប្រទេសជាតិផង។ ដូច្នេះតាមរយៈបទពិសោធន៍ជោគជ័យនេះ លោកសូមអំពាវនាវ ដាស់តឿនដល់ប្អូនៗយុវជនជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រ ទើបអាចកែប្រែជីវិតឲ្យសម្រេចបានជោគជ័យនៅអនាគតបាន៕ កុលបុត្រ