ខេត្តបន្ទាយមានជ័យ ៖ ក្រោយកើតមានហេតុការណ៍អគ្គិភ័យឆាបឆេះផ្សាររោងក្លឿ ប្រទេសថៃ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរថៃ បានចុះធ្វើការស្រាវជ្រាវ និងវាយតម្លៃឃើញថា អគ្គិភ័យនេះ បានឆេះបំផ្លាញតូបអាជីវករ សរុបចំនួន ៥៦តូប ដែលភាគច្រើនជាតូបរបស់អាជីវករខ្មែរ និងគិតជាទំហំការខូចខាត ខ្ទង់ប្រមាណ ៥០លានបាត។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្សាររោងក្លឿ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យ ឆេះផ្សាររោងក្លឿ ប្រទេសថៃ នេះ ស្ថិតនៅត្រង់ចំណុចដើមពោធិ៍ ខាងលិចអគារ A ដែលឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលឱ្យខូចខាតតូបលក់ដូរ ចំនួន៥៦តូប ដែលភាគច្រើនជាតូបអាជីវករខ្មែរ លក់ខោអាវ កាបូប និងស្បែកជើងជជុះ។

ប្រភពដដែល បន្តថា នៅពេលដែលអគ្គិភ័យឆាបឆេះតូបផ្សាររោងក្លឿ ប្រទេសថៃ ទាំងកណ្តាលយប់ គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់ភាគីថៃ ជាច្រើនគ្រឿង និងក្រុមអន្តរាគមន៍ជាច្រើននាក់ បានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ រហូតដល់វេលាម៉ោងប្រមាណជាង ២រំលងអធ្រាត្រ ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថាន ភាពបាន។ អគ្គិភ័យនេះ បានឆាបឆេះតូបលក់អីវ៉ាន់ អស់ចំនួន៥៦តូប ដែលភាគច្រើនជាតូបអាជីវករខ្មែរ។
ក្រោយកើតមានករណីខាងលើ លោកពេស យ៉ាសក្ត័ អភិបាលរងក្រុងប៉ោយប៉ែត និងក្រុមការងារ បានចុះទៅសួរសុខទុក្ខក្រុមអាជីវករខ្មែរ ដែលរងគ្រោះដោយអគ្គិភ័យ។

លោកអភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនេះ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយបើតាមស្រាវជ្រាវនិងវាយតម្លៃរបស់អាជ្ញាធរថៃ ទំហំការខូចខាត ខ្ទង់ប្រមាណ ៥០លានបាត។ ដោយឡែកមូលហេតុដែលធ្វើមានអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានព័ត៌មានច្បាស់ការថា បណ្តាលមកពីអ្វីនៅឡើយ តែតាមព័ត៌មានបឋម អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្រមអាជីវករជាម្ចាស់តូប ដែលរងការឆាបឆេះ បានឱ្យដឹងថា តូបដែលត្រូវបានអគ្គិភ័យឆាបឆេះ នៅផ្សាររោងក្លឿ ប្រទេសថៃ ភាគច្រើនជាតូបអាជីវករខ្មែរ អ្នកលក់ដូរភាគច្រើនលក់កាបូប ស្បែកជើងជជុះ កម្រាលព្រំ ពូកដេក ហើយពួកគាត់ភាគច្រើនត្រឡប់មកសម្រាកនៅ ក្រុងប៉ោយប៉ែត វិញ ពេលយប់ ហើយមានតិចតួចណាស់ដែលដេកចាំតូបលក់អីវ៉ាន់ ដោយអាជីវករខ្មែរ ភាគច្រើនជួលនិងទិញ ក្នុង១តូប តម្លៃរាប់ម៉ឺន រាប់សែនបាត៕