ខេត្តកោះកុងៈ អន្ទាក់ចាប់សត្វព្រៃ ចំនួន៣៣០ខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដើរដោះនិងប្រមូលបានពីក្នុងព្រៃ នៃដែនជម្រកសត្វព្រៃ តាតៃ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយពីប្រមូលបានហើយ អន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារយកទៅរក្សាទុកនៅស្នាក់ការល្បាតស្ថាននីយស្តារសត្វខ្លាធំ។

សូមបញ្ជាក់ថា ដើម្បីការសត្វព្រៃ មន្ត្រីឧទ្យានុរក្ស តែងដើរល្បាតនិងដោះអន្ទាក់ដែលជនទុច្ចរិត បានលួចដាក់ជារៀងរាល់ថ្ងៃ។ សកម្មភាពនេះ ទទួលបានការគាំទ្រថវិកា និងបច្ចេកទេស ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

តាមរយៈការល្បាតនេះ អន្ទាក់ចាប់សត្វព្រៃជាច្រើន ត្រូវបានមន្ត្រីឧទ្យានុរក្ស ប្រមូលបានជារៀងរាល់ថ្ងៃ។ ដើម្បីការពារសត្វព្រៃ សូមប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ការចាប់សត្វព្រៃ ជួញដូរសត្វព្រៃ និងបរិភោគសាច់សត្វព្រៃ។ ការចាប់ ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ជាទង្វើ ខុសច្បាប់៕


