ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត បើកបរដោយបុរសជនជាតិខ្មែរ បណ្តាលឱ្យខូចខាតរថយន្តទាំងសងខាង តែសំណាងល្អ គ្មានអ្នករងរបួស លុះក្រោយកើតហេតុ ភាគីជនជាតិចិន ដែលបើករថយន្តទំនើប បានយល់ព្រមសងសំណង ៦០០ដុល្លារ ទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំនុចផ្លូវ៤៣០ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិខ្មែរ ម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1679 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ទិសដៅពីត្បូង ទៅជើង លុះមកដល់កន្លែងកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ម៉ាក Mercedes MAYBACH S560 ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-8658 តាមបណ្តោយផ្លូវ១៨៣ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូស ចំថ្ពាល់មុខ ចំហៀងខាងឆ្វេង បណ្តាលឱ្យបាក់វៀចកង់ និងក្រពឹតថ្ពាល់មុខ ចំហៀងខាងឆ្វេង។ ដោយឡែកខាងរថយន្ត Mercedes MAYBACH S560 វិញរងការខូចខាតផ្នែកខាងមុខ និងបាក់កង់ខាងស្តាំ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយខាងរថយន្ត Mercedes MAYBACH S560 បានសងសំណងទៅខាងរថយន្តតូយ៉ូតា ព្រូស ចំនួន៦០០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕