ភ្នំពេញ ៖ ជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេ ញចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីជនជាតិថៃ ទាំងនោះបានស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបាន។

ប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូល ធ្វើការងារនិងស្នាក់នៅខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន នៅពេលធ្វើដំណើរចូលមកព្រះរា ជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់។ ដូចនេះសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេស រយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែកនៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត៕

