ខេត្តបាត់ដំបង ៖ ឥទ្ធិពលភ្លៀងកក់ខែ ១មេធំ លាយខ្យល់កន្ទ្រាក់ផង បានបោកបក់រំលំផ្ទះប្រជាពលរដ្ឋ សរុបចំនួន ២៨ខ្នង និងសាលាឆាន់ មួយខ្នង នៅក្នុងភូមិសាស្ត្រឃុំចំនួន២ នៃស្រុកសំពៅលូន ខេត្តបាត់ដំបង។ហេតុការណ៍នេះ បានកើតលើង កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចឃុំសន្តិភាព និងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ រងខូចខាតមានដូចជា នៅឃុំសន្តិភាព ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៨ខ្នង ក្នុងនោះមាន ២ខ្នង រលំរាបទាំងស្រុង និងសាលាឆាន់ ១ខ្នង ក្នុងវត្តសែនឧត្តមសាមគ្គី។ ចំណែកឃុំតាស្តា ខូចខាតផ្ទះ ប្រជាពលរដ្ឋ ចំនួន២០ខ្នង ក្នុងនោះមាន ៣ខ្នង រលំរាបទាំងស្រុង។

ប្រភពដដែល បន្តថា ជុំវិញករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះ មិនមានប្រជាពលរដ្ឋមានរបួសនោះទេ។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុក បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕


