ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលបុករះរថយន្ត ចំនួន៤គ្រឿង ដែលចតស្ងៀមលើចិញ្ចើមផ្លូវ រួចជ្រុលចូលតូបបុកល្ហុង ១កន្លែង បណ្តាលឱ្យរងការខូចខាតធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជាប់របងវិទ្យាល័យបឹងកេងកង តាមផ្លូវ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ម៉ាក Mercedes GLC200 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា HPK.8989 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧១ ទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករះរថយន្ត ៤គ្រឿង ដែលចតស្ងៀមលើផ្លូវ ជាបន្តបន្ទាប់ បណ្តាលឲ្យខូចខាត រួមមាន រថយន្តម៉ាក TOYOTA ALPHARD ១គ្រឿង រថយន្តម៉ាកតូយ៉ូតា ព្រូស ១គ្រឿង រថយន្តម៉ាក TOYOTA RAIZE ១គ្រឿង និងរថយន្តម៉ាក HYUNDY PALISADE ១គ្រឿង ព្រមទាំងធ្វើឱ្យខូចខាតតុកៅ ចំនួន២តុ របស់អ្នកលក់បុកល្ហុងក្បែរនោះផងដែរ។ យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ ឃាត់ខ្លួននារីជាអ្នកបើកបរ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីវាស់ជាតិអាកុល ។
បន្ទាប់មក មានតំណាងភាគីរថយន្តបង្កហេតុ បានមកធ្វើការសម្របសម្រួល ដោយជួយចេញថ្លៃការជួសជុលទៅឱ្យរថយន្តរងគ្រោះទាំងអស់ រួមទាំងតូបបុកល្ហុង ដើម្បីបញ្ចប់រឿង៕