Thursday, March 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផាន សុផាត លួចម៉ូតូមាន GPS ជា.../ប់ខ្នោះ

 ផាន សុផាត លួចម៉ូតូមាន GPS ជា…/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច តែប៉ះចំម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS  លុះក្រោយពីម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ច ជួយអន្តរាគមន៍ស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតម៉ូតូបានមកវិញផងដែរ។

ករណីលួចម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផាន សុផាត អាយុ៣៤ឆ្នាំ មានលំនៅ ភូមិកើត ហេតុ ដោយឡែក បក្ខពួកម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ (កំពុងគេចខ្លួន)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LC-1803 ជាកម្មសិទ្ធិរបស់ឈ្មោះចាន់ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពយុវជនជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា ម៉ូតូ ១គ្រឿងនោះ ខ្លួនបានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ដើម្បីការពារ ខ្លាចចោរលួច ហើយមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខ្លួនបានទុកម៉ូតូ នៅខាងក្រោម ដោយបានចាក់សោ កនិងសោចន្ទល់ត្រឹមត្រូវ មិនហ៊ានធ្វេសប្រហែសនោះទេ។ បន្ទាប់មក ឡើងទៅដេកនៅក្នុងបន្ទប់ជួល ជាន់ខាងលើ។ លុះដល់ពេលកើតហេតុវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ពេលចុះក្រោមវិញ ដើម្បីយកម៉ូតូជិះ ស្រាប់តែចោរលួចបាត់។

យុវជនជាម្ចាស់ម៉ូតូ បន្តថា ក្រោយមក ខ្លួនបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ឱ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូ និងចាប់ខ្លួនជនសង្ស័យ ហើយជាសំណាងល្អ ដោយសារតែម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ទើបដឹងពីទីតាំងដែលជនសង្ស័យកំពុងលាក់ខ្លួន នៅម្តុំភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះនគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមទាំងខ្លួនជាម្ចាស់ម៉ូតូ បានតាមទៅរកចំណុចនោះ ហើយរហូតដល់វេលាម៉ោងជាង៩ព្រឹក ថ្ងៃដដែល ក៏បានឃើញជនសង្ស័យ២នាក់ កំពុងជិះតាមផ្លូវក្នុងភូមិខាងលើ ក៏ឃាត់ខ្លួនបានម្នាក់ និងយកម៉ូតូបានមកវិញ រីឯបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES