ខេត្តក្រចេះ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានចោទក្រុមហ៊ុនចិន ហ្គ្រីន អាយលែន នៅក្នុងស្រុកអូរគ្រៀងសែនជ័យ ថាបានប្រើប្រាស់កាំភ្លើង ដើរបាញ់ សត្វគោប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យមក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺថា ពាក់ព័ន្ធទៅនឹងករណីពលរដ្ឋចោទថា ក្រុមហ៊ុនចិន ហ្គ្រីន អាយលែន នៅក្នុងស្រុកអូរគ្រៀងសែនជ័យ បានប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ សូមធ្វើការបំភ្លឺ ដូចខាងក្រោម ៖

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានឈ្មោះ ស៊ុន លាង បានទៅដល់កន្លែងកើតហេតុ និង រាយការណ៍ប្តឹងមកសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅនឹងករណីមានជនជាតិចិន ចំនួន ០៣នាក់ បានជិះរថយន្តពណ៌ស និងបានបាញ់ សត្វគោ របស់គាត់ បណ្តាលឲ្យងាប់ ០១ក្បាល នៅចំណុចក្រុមហ៊ុន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀង សែនជ័យ។ ក្រោយពេលទទួលបានបណ្ដឹង សមត្ថកិច្ចជំនាញ បានធ្វើការចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានរកឃើញថាពិតជាមានសត្វគោ ០១ក្បាល ងាប់នៅចំណុចក្នុងក្រុមហ៊ុន និងរកឃើញមានស្នាមបាញ់ នៅលើសត្វគោ ប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បាននិងកំពុងស្រាវជ្រាវ និងបន្តនីតិវិធីច្បាប់។អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឱ្យដឹងថា ជនជាតិចិន មួយក្រុម ប្រើប្រាស់រថយន្ត Pick up ពណ៌ស ១គ្រឿង ប្រដាប់ដោយអាវុធ ដើរកៀងគោ ក្របី របស់ប្រជាពលរដ្ឋ បាញ់សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រ យកចូលទៅក្នុងបរិវេណក្រុមហ៊ុន ហ្គ្រីនអាយលែន អេហ្គ្រីខលឈើរ ហៅកាត់ថា CBA ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនបើករណីដែលគោ ក្របី របស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឱ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុនចម្ការចេក នោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យ បង់លុយតាមការខូចខាត មិនគួរដើរកៀងសត្វគោ ក្របី របស់ពួកគាត់ដែលលេងឱ្យស៊ីស្មៅ នៅតាមព្រៃនោះទេ។
ប្រចាពលរដ្ឋ បន្តថា សកម្មភាពរបស់ជនជាតិចិន នៅក្នុងក្រុមហ៊ុនមួយនេះ តែងតែបើករថយន្ត Pick up ហើយប្រើប្រាស់កាំភ្លើង ដើរបាញ់សត្វគោ ក្របី របស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្តឹង។ ទើបតែថ្មីៗ នៅចុងខែកុម្ភៈ ឆ្នា២០២៥ ក្រុមជនជាតិចិន ទាំងនោះ បានបន្តធ្វើសកម្មភាពប្រើប្រាស់កាំភ្លើង ហើយជិះរថយន្ត ដើរកៀងសត្វគោ ក្របី របស់ពលរដ្ឋនៅតំបន់នោះ ហើយបាញ់សម្លាប់ និងរបួសជាច្រើនក្បាល ទើបពួកគាត់សម្រេចរាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ច បានចុះទៅដល់ ចាប់រឹបអូសត្រាក់ទ័រ ១ គ្រឿង ដែលធ្វើសកម្មភាពនោះ យកទៅរក្សាទុក ប៉ុន្តែមិនបានចាប់រថយន្ត Pick up របស់ជនជាតិចិននោះឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះទៅទីតាំងក្រុមហ៊ុនខាងលើ ដើម្បីស្រាវជ្រាវ និងជួបជាមួយក្រុមប្រជាពលរដ្ឋផ្ទាល់ តែយ៉ាងណា សមត្ថកិច្ចបញ្ជាក់ថា ខាងភាគីក្រុមហ៊ុន មិនបានសហការជាមួយ កងកម្លាំងនោះទេ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ពីព្រោះភាគីទាំងពីរមិនយល់ព្រមដោះស្រាយជាមួយគ្នាឡើយ។ ចំពោះករណីជនបរទេសប្រើប្រាស់អាវុធខុសច្បាប់ លោកកំពុងតែធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន ហើយនឹងចាត់វិធានការភ្លាម បើមានករណីនេះមែន៕
