ខេត្តតាកែវ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ១ក្រុមធំ បានលួចប្រមូលផ្តុំគ្នាជល់មាន់ ភ្នាល់ដាក់លុយ នៅក្នុងទីតាំងមួយកន្លែង លុះកម្លាំងជំនាញអាវុធហត្ថ ទទួលបានព័ត៌មាន ចុះទៅបង្ក្រាប ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ បានចំនួន១១នាក់ ស្រាប់តែបុរសម្នាក់ក្នុងចំណោមនោះ ភ័យពេក គាំងបេះដូងស្លាប់។

ប្រតិបត្តិការបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិគ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មានថា ទីតាំងខាងលើ មានក្រុមអ្នកញៀនល្បែង ១ក្រុម កំពុងប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ បញ្ជល់មាន់ កម្លាំងអាវុធហត្ថខេត្តតា កែវ បានបើកប្រតិបត្តិការចុះបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ បានចំនួន១១នាក់ ព្រមទាំងដកហូតបានរថយន្ត និងម៉ូតូ ជាច្រើនគ្រឿង ដែលត្រូវបានម្ចាស់ (អ្នកលេងល្បែង) រត់ចោល។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការខាងលើ មានបុរសម្នាក់ ភ័យពេក រហូតដល់គាំងបេះដូង សន្លប់បាត់ស្មារតី និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែបុរសរូបនោះ បានបាត់បង់ជីវិតទៅហើយ។
ក្រុមអ្នកញៀនល្បែងជល់មាន់ បន្ទាប់ពីឃាត់ខ្លួននាំយកទៅធ្វើការអប់រំ កម្លាំងជំនាញបានធ្វើកិច្ចសន្យា រួចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។

ដោយឡែកសពបុរសរងគ្រោះ បន្ទាប់ពីក្រុមគ្រូពេទ្យ សមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថាស្លាប់ដោយគាំងបេះដូង ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕