Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំរោងចក្រ ចាញ់បោកគេ ដោះមាស២ពាន់ដុល្លារ ដូរកាឡៃ

ក្រមុំរោងចក្រ ចាញ់បោកគេ ដោះមាស២ពាន់ដុល្លារ ដូរកាឡៃ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាកម្មការិនីរោងចក្រ បានដើរទៅរោងចក្រ បានជួបនឹងជនសង្ស័យទម្លាក់យោង ១ក្រុម ប្រើល្បិចរើសបានមាស ១កញ្ចប់ រួចលួងលោមនាំនារីរងគ្រោះ ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទដៃ អស់ពីខ្លួន ដែលមានតម្លៃសរុបជិត ២ពាន់ដុល្លារ ដូរយកកញ្ចប់មាសក្លែងក្លាយ ហើយគេចខ្លួនបាត់អស់។ លុះនារីរងគ្រោះស្រាយមាត់ថង់មើល ឃើញសុទ្ធតែគ្រាប់កង់ ទើបដឹងថាចាញ់បោកគេ បានត្រឹមតែទ្រហោយំ ប្តឹងសមត្ថកិច្ច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅម្តុំជិតស្ថានីយប្រេង ឥន្ធនៈ តូតាល់ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ជិតផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ មិនប្រាប់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាកម្មការិនីរោងចក្រកាត់ដេរ ហើយតាមការពិនិត្យភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ។ ចំណែកក្រុមជនសង្ស័យទម្លាក់យោង ត្រូវបាននារីរងគ្រោះអះអាងថា មានគ្នា៥នាក់ (ប្រុស៣ ស្រី២)។

តាមសម្តីរបស់នារីរងគ្រោះ បានទួញយំរៀបរាប់ថា មុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច នាងបានដើរចេញពីបន្ទប់ជួល សំដៅទៅរោងចក្រ ដើម្បីធ្វើការដូចសព្វដង លុះទៅដល់ត្រឹមមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏បានជួបស្ត្រីសង្ស័យចំនួន២នាក់ បានដើរមកប្រាប់ថា គេរើសបានមាស ១កញ្ចប់ និងថែមទាំងបានលាមាត់ថង់ពណ៌ក្រហម ឱ្យនាងមើល ឃើញសុទ្ធតែមាសក្រហមច្រាលនៅក្នុងនោះ បន្ទាប់មក ជនសង្ស័យបានល្បួងនាងឱ្យជិះម៉ូតូជាមួយ ដោយប្រាប់ថា ទៅរកកន្លែងចែកមាសគ្នា រួចក៏បានដឹក នាងទៅឈប់នៅជិតស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្តោយមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ម្តុំជិតផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពេលទៅដល់ ក៏បានឃើញមានបក្ខពួកប្រុសៗ ៣នាក់ ទៀត នៅចាំទីនោះរួចជាស្រេច និងបានលួងលោម ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទ ពីនាងទៅអស់ រួចប្រគល់មាស ១កូនថង់ក្រហម មកឱ្យនាងទុក បន្ទាប់មក ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។

នារីរងគ្រោះ បន្តថា ក្រោយពីក្រុមជនសង្ស័យទៅបាត់អស់ នាងបានស្រាយមាត់ថង់មើល ស្រាប់តែឃើញនៅ ក្នុងកូនថង់ពណ៌ក្រហម នោះ មិនមែនមាសទេ គឺសុទ្ធតែគ្រាប់កង់ ទើបដឹងថាចាញ់បោកគេ ហើយយំស្រែកទាំងតក់ស្លុតនិងសោកស្តាយ និងបានទៅប្តឹងនគរបាលជួយអន្តរាគមន៍តែម្តង។

នារីរងគ្រោះ បញ្ជាក់ថា គ្រាន់តែគ្រឿងអលង្ការជាប់នឹងខ្លួននាង មានតម្លៃសរុបជិត ២ពាន់ដុល្លារ ក្នុងនោះ រួម មាន ខ្សែកប្លាទីន ២ខ្សែ  ចង្ក្រងជើង ១ខ្សែ កងដៃ ១ឈុត និងទូរស័ព្ទម៉ាក OPPO ១គ្រឿង ហើយអ្វីដែលនាងទទួលបានជាថ្នូរមកវិញ គឺគ្រាប់កង់ ១កូនថង់ពណ៌ក្រហម ទុកជាភ័ស្តុតាងប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។ក្រោយកើតហេតុ នារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅប៉ុស្តិ៍ ដាក់ពាក្យបណ្តឹង និងស្រាវជ្រាវរកភិន ភាគក្រុមជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES