Thursday, March 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីកាំភ្លើងគេ មកអួតមេ ច្រឡំភ្ជ.../ង់គេ ជាប់ខ្នោះ

ខ្ចីកាំភ្លើងគេ មកអួតមេ ច្រឡំភ្ជ…/ង់គេ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសជាតៃកុងឡានម្នាក់ បានខ្ចីកាំភ្លើងខ្លីរបស់មិត្តភក្តិ បំណងយកទៅទុកអួតថៅកែជនជាតិចិន របស់ខ្លួនថា ខ្លួនជាកងកម្លាំង ដើម្បីងាយស្រួលសុំឡើងប្រាក់ខែ ស្រាប់តែក្រោយមក បានយកកាំភ្លើងនោះទៅភ្ជង់គំរាមអ្នកជិតខាង ទើបជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យកាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០ នាទីព្រឹក  ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះលី ឡុង ហៅកូននាគស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន (មានសារធាតុ ញៀន)។ ចំពោះវត្ថុតាងដកហូត រួមមាន កាំភ្លើងហ្គាស់ ពណ៌ខ្មៅ ចំនួន១ដើម។ បង់កាំភ្លើង ពណ៌ខ្មៅ ចំនួន១ និងទូរស័ព្ទ ម៉ាក Oppo ពណ៌ខៀវ ចំនួន១គ្រឿង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានយកពូថៅទៅពុះអុស នៅខាងក្រោយផ្ទះរបស់ឪពុកក្មេក ដែលស្ថិតនៅខាងមុខបន្ទប់ជួលរបស់ជនសង្ស័យ ស្រាប់តែរំពេចនោះ ជនសង្ស័យឈ្មោះលី ឡុង បានស្ទុះចេញពីក្នុងបន្ទប់មក ហើយបានយកកាំភ្លើងខ្លី១ដើម ពណ៌ខ្មៅ មកភ្ជង់ទៅលើជនរងគ្រោះ ឃើញដូចនោះ ប្រពន្ធជនរងគ្រោះ បានមកសាកសួរជនសង្ស័យថា មានរឿងអី? បន្ទាប់មក ជនសង្ស័យបានយកកាំភ្លើងនោះដាក់ចូលក្នុងខោ ហើយដើរចូលបន្ទប់បាត់ទៅ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំពៅពូន ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលី ឡុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងនោះ ទៅភ្ជង់ជនរងគ្រោះប្រាកដមែន។ ចំណែកកាំភ្លើងហ្គាស់នោះ ខ្លួនបានខ្ចីពីមិត្តភក្តិឈ្មោះភូ នៅភ្នំពេញ ក្នុងគោល បំណងចង់កុហកថៅកែជនជាតិចិន ថាខ្លួនជាកងកម្លាំង ដើម្បីទទួលបានប្រាក់ខែច្រើន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES