ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចាប់បញ្ជូនខ្លួនឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពាក់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ ជាង៣លានដុល្លារ)។ឈ្មួញដីធ្លីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុំ លីវណ្ណារិទ្ធិ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទិញលក់ដីធ្លី មានលំនៅ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា ការចាប់បញ្ជូនខ្លួនឈ្មួញរកស៊ីទិញលក់ដីធ្លីខាងលើនេះ ធ្វើឡើងបន្ទាប់ពីអំឡុងឆ្នាំ២០២៤ ឈ្មោះ ជុំ លីវណ្ណារិទ្ធិ បានទទួលយកប្រាក់ពីឈ្មោះផាង វិសាល ចំនួន៦លាន ៦សែនដុល្លារ ដើម្បីយកទៅរត់ការទិញដីមួយកន្លែងទំហំ ៥៨ ០០០ ម៉ែត្រការ៉េ ស្ថិតនៅផ្លូវភ្នំពេញ-ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែមិនបានសម្រេច។
ក្រោយមកជនសង្ស័យឈ្មោះ ជុំ លីវណ្ណារិទ្ធិ បានឯកភាពប្រគល់ប្រាក់ថ្លៃទិញដី មួយចំនួន ឱ្យទៅដើមបណ្តឹង វិញ នៅខ្វះ៣លាន ៤សែនដុល្លារទៀត។ ខណៈពេលនោះ ជនសង្ស័យបានចេញមូលប្បទានបត្រចំនួន ៣ សន្លឹក ស្មើទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ ឱ្យទៅដើមបណ្តឹង។ លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រទាំង ៣សន្លឹកនោះ គ្មានសាច់ប្រាក់ទេ គឺសែកស្អុយ។
បន្ទាប់ពីដឹងថាជាសែកស្អុយ គ្មានសាច់ប្រាក់ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ ដើម្បីជួបគ្នារកដំណោះ ស្រាយក្រៅប្រព័ន្ធតុលាការ ជាច្រើនលើកដែរ តែជនសង្ស័យបានគេចវេះពីបំណុល ថែមទាំងបិទការទំនាក់ ទំនង គេចរហូត។ ហេតុនេះទើបជនរងគ្រោះសម្រេចចិត្តប្តឹងសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង៕