Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ខ្ទេចឡាន១ លុយ២ពាន់ដុល្លារ

ភ្លើងឆេះផ្ទះ ខ្ទេចឡាន១ លុយ២ពាន់ដុល្លារ

ខេត្តកណ្តាល ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បំផ្លាញអស់ផ្ទះ ១ខ្នងទាំងស្រុង រថយន្ត ១គ្រឿង និងគ្រឿងអលង្ការ ជាង២ពាន់ដុល្លារ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយលេងក្រោមផ្ទះ ខណៈនោះ គាត់បានឮសំឡេងផ្ទុះ ចំនួន២ដង ភ្លាមៗគាត់បានរត់ស្ទុះចេញពីក្នុងផ្ទះ មកមើល បានឃើញមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ លាយអណ្តាតភ្លើងចេញពីផ្ទះទៅហើយ។ ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយចុះមកអន្តរាគមន៍ ដើម្បីកុំឱ្យឆេះរាលដាលដល់ផ្ទះដទៃទៀត។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

តាមការបញ្ជាក់ពីសមត្ថកិច្ច អគ្គិភ័យខាងលើ បានឆេះបំផ្លាញផ្ទះឈើប្រក់ស័ង្កសី ១ខ្នង អស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ រួមមាន ខ្សែក ខ្សៃដៃប្លាទីន តម្លៃប្រហែល ២០០០ដុល្លារ រថយន្តសាំងយ៉ុង ១គ្រឿង កង្ហារ ១គ្រឿង ម៉ាស៊ីនបោកខោអាវ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ជុំវិញប្រតិបត្តិការពន្លត់ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំនួន១គ្រឿង។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ខ្សែភ្លើងកកិតជាមួយដំបូលស័ង្កសី បង្កជាអគ្គិភ័យ)៕

RELATED ARTICLES