ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណា ចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០២៥ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ។

ព្រះរាជពិធីបួងសួងនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីនេះដោយផ្ទាល់។
ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នេះ ឲ្យដំណើរការបានល្អ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាប្រធាន និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធាន ។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា លេខ ៣១ សសរ ចុះថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជា ណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ បានសម្រេចដូចខាងក្រោម ៖

ប្រការ១-
ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពដូចខាងក្រោម ៖
១- សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធាន
២-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធាន
៣-ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គ.ជ.ប.អ. មានឋានៈ និងបុព្វសិទ្ធិស្មើឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍
៤-លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អនុប្រធាន
៥-លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុប្រធាន
៦-ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធាន
៧-ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធាន
៨-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធាន
៩-ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អនុប្រធាន
១០-ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិក
១១-លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន សមាជិកា
១២-ឯកឧត្តម សេង ទៀង អនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
១៣-ឯកឧត្តម គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
១៤-ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
១៥-ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សមាជិក
១៦-ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
១៧-ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
នាយសេនាធិការចម្រុះ សមាជិក
១៨-ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
១៩-ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស សមាជិក
២០-ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក សមាជិក
២១-ឯកឧត្តម សៀង ឈុនទ្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
២២-ឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
២៣-ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សមាជិក
២៤-លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា សមាជិកា
២៥-ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សមាជិក
២៦-ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
២៧-ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
២៨-លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិកា

២៩- ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា សមាជិក
៣០-ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាជិក
៣១-អ្នកឧកញ៉ាភក្តីព្រះស្ដេច ហេង គឹមគុណ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង សមាជិក
៣២-ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សមាជិក
ប្រការ២-
គណៈកម្មការអន្តរក្រសួងនេះ មានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖
– ដឹកនាំ រៀបចំ ចាត់ចែង សម្របសម្រួលជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីប្រព្រឹត្តទៅបានល្អ
– រៀបចំគម្រោងចំណាយផ្សេងៗនៃដំណើរការក្នុងការរៀបចំព្រះរាជពិធី
– រៀបចំការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ ចរាចរណ៍ និងធានាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ មុន-ក្រោយ ក្នុងពេលប្រារព្ធព្រះរាជពិធី និងតាមផ្លូវឆ្លងកាត់
– ទំនាក់ទំនងនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ក្នុងការអញ្ជើញភ្ញៀវជាន់ខ្ពស់ជាតិ អន្តរជាតិ ចូលរួមក្នុងព្រះរាជពិធី
– ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រារព្ធព្រះរាជពិធីឱ្យបានទូលំទូលាយ។
ប្រការ៣-
គណៈកម្មការនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារបន្ថែម ជាជំនួយការ និងប្រើប្រាស់មន្ត្រីក្រោមឱវាទ តាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំព្រះរាជពិធី ប្រព្រឹត្តទៅបានល្អប្រសើរ។
ប្រការ៤-
គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រាប់ដំណើរការការងាររបស់ខ្លួន។
ប្រការ៥-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
