ភ្នំពេញ ៖ ស្ត្រីជាភរិយាគ្រូប្រដាល់គុនខ្មែរម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយប្តី និងបានព្យាយាមហៅប្តីឱ្យមកជួប ដើម្បីដោះស្រាយបំណុល ១ម៉ឺនដុល្លារ តែប្តីមិនព្រមមក ស្រាប់តែខឹងសម្បា យកមេសោទៅចាក់ទ្វារ បង្ខាំងកូនសិស្សប្រដាល់ ជាង១០នាក់ នៅក្នុងផ្ទះ មិនឱ្យចេញមកក្រៅ ដើម្បីគំរាមហៅប្តីឱ្យចូលមកជួបដោះ ស្រាយជាមួយខ្លួន ទើបព្រមបើកសោឱ្យកូនសិស្សចេញមកក្រៅវិញ រហូតផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅ ចំណុចភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីអ្នករស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងក្លឹបប្រដាល់ខាងលើ បើកដោយប្តីប្រពន្ធ ២នាក់ ដោយពួកគាត់ទាំងពីរ បានខ្ចីលុយគេរួមគ្នា ជាង១ម៉ឺនដុល្លារ ដើម្បីបើកក្លឹបប្រដាល់មួយនេះ។ ក្រោយបានបើកក្លឹបប្រដាល់បានមួយរយៈ ប្តីប្រពន្ធខាងលើ កើតមានទំនាស់ទាស់គ្នា ហើយខាងប្តីបានចុះចេញ មិនចូលផ្ទះ ធ្វើឱ្យប្រពន្ធរ៉ាប់រងលុយបំណុលតែម្នាក់ឯង។ ពេលនោះ ប្រពន្ធបានទំនាក់ទំនងទៅខាងប្តីចូលមកធ្វើការដោះស្រាយរឿងលុយបំណុល បើដោះស្រាយបំណុល រួចចង់ចុះទៅចេញទៅណាក៏ចុះទៅ តែប្តីមិនព្រម ចូលខ្លួនមកដោះស្រាយ ធ្វើឱ្យប្រពន្ធកើតទុក្ខមិនសុខចិត្ត ក៏សម្រេចចាក់សោបង្ខាំងសិស្សប្រដាល់នៅក្នុងក្លឹប ជាង១០នាក់ ដើម្បីគំរាមហៅប្តីឱ្យចូលខ្លួនមកដោះស្រាយជាមួយគាត់ ឱ្យដាច់ស្រេច។

តាមសម្តីស្ត្រីជាប្រពន្ធគ្រូប្រដាល់ខាងលើ បានរៀបរាប់ប្រាប់ថា មូលហេតុដែលគាត់ខឹងរហូតសម្រេចចាក់សោ បង្ខាំងកូនសិស្ស ប្រដាល់ទាំងជាង១០នាក់នេះ ក៏ព្រោះតែប្តីបានគេចវេះមិនព្រមចូលខ្លួនមកដោះស្រាយរឿងបំណុល។ កន្លងមក គាត់បើកក្លឹបប្រដាល់នេះ ដោយក្តីស្រលាញ់ ដោយទឹកចិត្តផ្ទាល់ខ្លួន គ្មានអ្នកជួយឧបត្ថមនោះទេ ហើយក្នុង១ថ្ងៃ គាត់ចំណាយជាង១០ម៉ឺន សម្រាប់ថ្លៃម្ហូបសិស្ស គឺជាលុយហៅប៉ៅផ្ទាល់តែម្តង ជួនដល់ថ្ងៃកូនសិស្សត្រូវឡើងវ៉ៃ គាត់ចំណាយម្ហូបប៉ូវសិស្ស មិនតិចជាង ១០០ដុល្លារ ទៅ១៥០ដុល្លារនោះទេ។ ចំណែកប្តី មិនសូវជួយគិតគូររឿងរកលុយដោះបំណុលគេសោះ តែងគេចវេះរហូត ទោះជាគាត់ហៅឱ្យមកជជែកគ្នាតាម សម្រួលយ៉ាងណា ក៏មិនព្រមមកដែរ។

ស្ត្រីជាប្រពន្ធ បន្តថា មុនកើតហេតុ ៣-៤ថ្ងៃ គាត់បានទូរស័ព្ទទាក់ទងហៅប្តីមកជួបនិយាយគ្នាដែរ តែប្តីមិនព្រមមក លុះដល់ថ្ងៃកើតហេតុ សួរកូនសិស្សណាក៏មិនដឹងថាគ្រូនៅឯណាដែរ ទើបគាត់ខឹងទ្រាំលែងបាន ក៏យកសោមកចាក់បង្ខាំងសិស្សទាំងនោះទុកក្នុងផ្ទះ ដើម្បីហៅឱ្យប្តីមកដោះស្រាយគ្នា ហើយគាត់ក៏ដឹងដែរថា គាត់ធ្វើនេះគឺខុស តែគាត់គ្រាន់តែចង់ឱ្យប្តីមកជួបនិយាយគ្នាឱ្យដាច់ស្រេចប៉ុណ្ណោះ និងសុំត្រឹមតែ ១ម៉ឺនដុល្លារ មកសងបំណុលគេបានហើយ។

ក្រោយពេលកើតហេតុ ក្រុមសិស្សប្រដាល់ ដែលជាប់ក្នុងផ្ទះខាងលើ បានទូរស័ព្ទទាក់ទងទៅអ្នកសារព័ត៌មាន និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធគ្រូប្រដាល់កាន់តែខឹងសម្បា ស្រែកឡូឡា និងរកដេញវាយអ្នកសារព័ត៌មានទៀតផង។

បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការសម្របសម្រួល ទើបស្ត្រីខាងលើ បានយល់ព្រមបើកសោឱ្យសិស្សចេញមកក្រៅ រួចហើយក្រុមសិស្ស ក៏ប្រមូលអីវ៉ាន់ចាកចេញពីក្លឹបអស់ ដោយប្រាប់ថា ពួកគេយល់ពីទុក្ខលំបាកលោកគ្រូ អ្នកគ្រូ ពាក់ព័ន្ធជាមួយនឹងបញ្ហាលុយបំណុលខាងលើ រហូតដល់អ្នកគ្រូខឹងខ្លាំង ចាក់សោឃុំពួកគេនៅក្នុងផ្ទះដែលជាក្លឹបប្រដាល់នេះ តែយ៉ាងណាពួកគេមិនមានចិត្តខឹងនឹងអ្នកគ្រូនោះទេ ហើយក៏មិនដាក់បណ្តឹងអ្វីដែរ៕
