ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រ ចំនួន៤ទូ មានទម្ងន់ជិត៨ម៉ឺនគីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងបំណង មកបោះចោលនៅកម្ពុជា។

យោងតាមប្រភពអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ថា ករណីនេះ គឺជាបទល្មើសច្បាប់ស្តីពីគយ និងតម្រូវឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញ និងត្រូវបង់ពិន័យ។ យ៉ាងណា អគ្គនាយកដ្ឋានគយ មិនបានបញ្ជាក់ថា សំបកកង់រថយន្តចាស់ៗប្រើរួចនេះ នាំចេញពីប្រទេសណានោះទេ។

ប្រតិបត្តិការចាប់ឃាត់សំបកកង់រថយន្តចាស់ៗប្រើរួច នាំចូលខុសច្បាប់មកកម្ពុជានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មាន ក៏បានធ្វើការវិភាគហានិភ័យ និងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រ ចំនួន៤ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។
ភ្លាមៗនោះ មន្ត្រីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀល បើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រ ទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ ៧៨ ៦៤០គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា “ដោយពិនិត្យឃើញថា ករណីនេះ គឺជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្តីពីគយជាធរមាន”។

ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗ ប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការបញ្ជូនទូកុងតឺន័រកាក សំណល់ខុសច្បាប់ នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែល ស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ១៩៨៩៕
