Sunday, September 8, 2024
Homeតារាខ្មែរចំរើន សុភ័ក្រ  មិនចង់ដើរតាមយក់ ថិតរដ្ឋា

ចំរើន សុភ័ក្រ  មិនចង់ដើរតាមយក់ ថិតរដ្ឋា

តារាចម្រៀងតូចច្រឡឹងតែសំឡេងខ្លាំង ច្រៀងពីរោះរណ្ដំចិត្ត នាងចំរើន សុភ័ក្រ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ តែមិនបានលើកពាននោះ បានក្លាយជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស ជាង២ឆ្នាំនោះ មិនលេចធ្លោដូចការរំពឹងទុករបស់មហាជន ដែលធ្លាប់ឲ្យតម្លៃនាងថា ជាគ្រាប់ពេជ្ររបស់ហង្សមាស នោះឡើយ ព្រោះតែសុភ័ក្រ មានបទចម្រៀងតែ១បទគត់ ដែលត្រូវគេស្គាល់ គឺបទ ”ម៉ែ” ។

តាមព័ត៌មានថា នាងចំរើន សុភ័ក្រ ពេលនេះកំពុងតែពិចារណា ថាតើនាងគួរបន្តផ្ញើប្រាណជាមួយហង្សមាស ទៀតឬមួយក៏ចាកចេញ ដូចឈិត សុវណ្ណបញ្ញា និងយក់​ ថិតរដ្ឋា ដែរ។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ នាងចំរើន សុភ័ក្រ អះអាងថា នាងនឹងមិនហើរចោលហង្សមាស ឡើយ គឺនឹងនៅតែនៅទ្រនំធំនេះបន្តទៀត ព្រោះពេលនេះនាងមានការងារធ្វើច្រើនជាងមុន តាំងពីចូលហង្សមាស មក។

តារាតូចច្រឡឹងរូបនេះ ថ្លែងថា ”ខ្ញុំមានការសោកស្ដាយដែលថ្មីៗនេះមានតារាមួយចំនួនបានចេញពីហង្សមាស តែនោះជាការសម្រេចចិត្តរបស់គាត់។ ចំពោះខ្ញុំវិញគ្មានបញ្ហាអីជាមួយហង្សមាស ទេ ហើយខ្ញុំនឹងនៅបន្ដជាមួយគាត់ដដែល។ ពេលនេះបទចម្រៀងខ្ញុំមានជាង១០បទហើយ នៅហង្សមាស ហើយខ្ញុំក៏រវល់គួរសមនៅរដូវក្ដៅនេះ ដោយច្រៀងតាមកម្មវិធីគេជាហូរហែ មានតាម Concert មង្គលការ និងជប់លៀងផ្សេងៗ”។

​ចំរើន សុភ័ក្រ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ដែលជាកូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធិ ហើយនាងសុភ័ក្រ ឈានទៅផ្ដាច់ព្រ័ត្រ្ត ជាមួយកូនក្រុមឱក សុគន្ធកញ្ញា លោកឃុន វត្ថា កូនក្រុមពេជ្រ សោភា លោកសយ រតនៈ តែអ្នកដែលលើកពាន គឺកូនក្រុមរបស់លោកឆន សុវណ្ណរាជ លោកប៊ុត សីហា។ ទោះជាយ៉ាងណា តារាចម្រៀងបុរាណផ្នែករបាំរបស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នេះ នៅតែមានឱកាសជ្រកកោនក្រោមហង្សមាស ហើយនាងថែមទាំងតហរូវបានផលិតកម្មធំនេះតែងបញ្ជួននាងឲ្យទៅច្រៀងតាមកម្មវិធីមង្គលការរបស់អ្នកធំៗទៀតផង ដោយសារតែសុភ័ក្រ អាចច្រៀងបទពីដើមៗបានយ៉ាងពីរោះ។

តាមរយៈការអះអាងរបស់នាងសុភ័ក្រ ថាមិនរត់ចោលហង្សមាស ដូចឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា នាពេលនេះ គេជឿថា លោកអ៊ឹង សុខលាភ ដែលជាអ្នកគ្រប់គ្រងហង្សមាស ដែលបានដៀលសុវណ្ណបញ្ញា មិននេះថា ”ផឹកទឹកភ្លេចប្រភពដើម” នោះ សប្បាយចិត្តក្រៃលែង ព្រោះថាទោះជាសុភ័ក្រ ច្រៀងនៅហង្សមាស ជាង២ឆ្នាំ ល្បីបានតែ១បទ ក៏នាងនៅតែស្មោះស្ម័គ្រជាមួយផលិតកម្មល្បីឈ្មោះនេះដដែល៕

RELATED ARTICLES