ខេត្តសៀមរាប ៖ ជនសង្ស័យ ២នាក់ (ប្រុសតែខ្លួនស្រី) បានធ្វើសកម្មភាពលូកស្ទាប និងបន្លំលួចយកកាបូបលុយរបស់ជនរបទេសម្នាក់ ដែលមានប្រាក់ជាង ៥ពាន់ដុល្លារ បានសម្រេច រួចនាំគ្នាដើរស៊ីចាយអស់ជាង ៣០០ដុល្លារ លុះក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកាបូបលុយជនបរទេសនេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចតូបទុកចោល ១កន្លែង ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ រហូតមកដល់វេលាម៉ោង ៦និង០៦នាទីព្រលប់ថ្ងៃដដែល ទើបសមត្ថកិច្ច ជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនសង្ស័យជាភេទទី៣ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ មាន ភេទប្រុស (តែងខ្លួនស្រី) អាយុ៣២ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ធ្លាប់ជាប់គុក១ឆ្នាំ និងជាប់មណ្ឌលអប់រំកែប្រែ និងស្តារនីតិសម្បទា ៤ខែ ពាក់ព័ន្ធគ្រឿងញៀន និងទី២-ឈ្មោះសំ សុភា ភេទប្រុស (តែងខ្លួនស្រី) អាយុ៣៩ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចតូបទុកចោល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានករណីអំពើលួច (លួយលុយជនរបទេស) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាបូបលុយ ចំនួន១ ពីជនរងគ្រោះឈ្មោះ ASKIN MEHMET ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិទួរគី សញ្ជាតិទួរគី មានស្រុកកំណើតនៅប្រទេសទួរគី និងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ចំពោះសម្ភារៈបាត់បង់ រួមមាន ប្រាក់ ចំនួន៥៣០០ដុល្លារ លិខិតឆ្លងដែន ចំនួន១ កាតធនាគារចំនួន២សន្លឹក ប័ណ្ណបើកបរ ចំនួន ១សន្លឹក ប័ណ្ណការងារ ចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក និងប័ណ្ណសម្គាស់យានយន្ត ចំនួន១សន្លឹក។
ប្រភពដដែល បន្តថា ភ្លាមនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងធ្វើការឆែកកាមេរ៉ាសុវត្ថិភាព រហូតកំណត់បានមុខសញ្ញា ទើបនៅវេលាម៉ោង ៦និង០៦នាទីព្រលប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច ឈានដល់ឃាត់ខ្លួន ជនសង្ស័យ បានចំនួន២នាក់ (១-ឈ្មោះចាន់ មាន ២-ឈ្មោះសំ សុភា) នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈពេលនោះ សមត្ថ កិច្ចបានដកហូតកាបូបដៃពណ៌ខ្មៅ របស់ជនរងគ្រោះ ជាជនបរទេសផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសំ សុភា និងឈ្មោះ ចាន់ មាន បានឆ្លើយសារភាពដូចគ្នាថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឈ្មោះសំ សុភា ពិតជាបានធ្វើសកម្ម ភាពលូកហោប៉ៅ យកកាបូបប្រាក់ខាងលើ ប្រាកដមែន។ បន្ទាប់មកបានដកយកលុយក្នុងកាបូបនោះទាំងអស់ សរុបចំនួន ៤០០០ពាន់ដុល្លារ ហើយបានប្រគល់កាបូបនិងសម្ភារៈក្នុងនោះ ទៅឱ្យបក្ខពួកឈ្មោះចាន់ មាន យកទៅបោះចោលក្នុងព្រៃមុខបន្ទប់ជួល ក្រោយមកបាននាំគ្នាដើរស៊ីចាយអស់ចំនួន ៣០០ដុល្លារ រហូតដល់ម៉ោង ៦និង០៦នាទីព្រលប់ ថ្ងៃដដែល ទើបសមត្ថកិច្ចហៅសាកសួរតែម្តង ។
ជនសង្ស័យទាំង២នាក់ខាងលើ នោះត្រូវបានកម្លាំងនគបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីឱ្យចាត់ការតាមផ្លូវច្បាប់៕