Monday, March 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រពន្ធគ្រូប្រដាល់ ចាក់សោបង្ខាំ.../ងសិស្ស ចេញមុខសុំទោស

 ប្រពន្ធគ្រូប្រដាល់ ចាក់សោបង្ខាំ…/ងសិស្ស ចេញមុខសុំទោស

ភ្នំពេញ ៖ ស្ត្រីជាភរិយាគ្រូប្រដាល់គុនខ្មែរម្នាក់ ដែលខឹងប្តីមិនព្រមមកជួប ដោះស្រាយបំណុល១ម៉ឺនដុល្លារ បែរជាចាក់សោទ្វារ បង្ខាំងកូនសិស្សប្រដាល់ ជាង១០នាក់ នៅក្នុងផ្ទះ ដើម្បីគំរាមហៅប្តីឱ្យចូលមកជួបដោះស្រាយជាមួយខ្លួន កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នោះ បានចូលខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីសុំទោសដល់សមត្ថកិច្ច និងអ្នកសារព័ត៌មាន ជាសាធារណៈ បន្ទាប់ពីបានប្រើពាក្យមិនសមរម្យមកលើសមត្ថកិច្ច។

យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ថា ករណីស្ត្រីម្ចាស់ផ្ទះចាក់សោទ្វាររបងផ្ទះ មិនឱ្យក្រុមកីឡាករចេញពីផ្ទះ ដោយខឹងប្តីជាគ្រូប្រដាល់ ចេញបាត់ពីផ្ទះ ៤ថ្ងៃ មិនវិលមកផ្ទះវិញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២៦៩ ផ្លូវបេតុង ក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ម្ចាស់ផ្ទះឈ្មោះ ឋិន វណ្ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអាជីវករ មានលំនៅ កន្លែងកើតហេតុ។ នៅថ្ងៃកើតហេតុខាងលើឈ្មោះ ឋិន វណ្ណា មានជម្លោះជាមួយស្វាមីឈ្មោះឆេន ឆាយ អាយុ៤៧ឆ្នាំ (ជាគ្រូបង្វឹកប្រដាល់) ខឹងទូរស័ព្ទទាក់ទងមិនបាន មិនមកផ្ទះ រយៈពេល៤ថ្ងៃ មកហើយ ដោយមានចិត្តខឹងប្តីស្ត្រីឈ្មោះឋិន វណ្ណា បានចាក់សោរបងផ្ទះ មិនឲ្យកូនសិស្សប្រដាល់ ចំនួន១១នាក់ ដែលគាត់ជាអ្នកផ្គត់ផ្តង់ និងស្នាក់នៅជាមួយគាត់ មិនឱ្យចេញទៅប្រកួតប្រដាល់។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ពេលនោះឈ្មោះ ឋិន វណ្ណា បានប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មាន។ ក្រោយមក នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយដឹងខ្លួនប្រព្រឹត្តិខុស ក៏បានបើកសោ ឱ្យកូនសិស្សប្រដាល់ ចេញទៅប្រកួតវិញ។

លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឈ្មោះឋិន វណ្ណា បានចូលខ្លួនមកសារភាពកំហុស នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការសូមទោសជាសាធារណៈនូវកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្ត និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ឈប់ប្រព្រឹត្ត សកម្មភាពទាំងនេះតទៅទៀត៕

RELATED ARTICLES