ខេត្តបាត់ដំបង ៖ យុវជន ៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាតាមផ្លូវសុខៗ ស្រាប់តែត្រូវដើមក្ងោកដ៏ធំ ១ដើម បាក់រលំសង្កត់ពីលើ បណ្តាលឱ្យរងរបួសទាំង៣នាក់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាយតម្រាំ ឃុំឈើទាន ស្រុកបាណន់។
ជនរងគ្រោះទាំង៣នាក់ ដែលត្រូវដើមក្ងោកបាក់សង្កត់ បណ្តាលឱ្យរងរបួស រួមមាន ទី១-ឈ្មោះលី ចន្ទ្រា ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះផាន់ណា ទិត្យា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះវុធ ធីនី ភេទប្រុស អាយុ២០ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់។

លោកស៊ីម ពីទូ នាយប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល បានបញ្ជាក់ប្រាប់ថា ដើមក្ងោកដ៏ធំ ១ដើមនោះ បានរលើងទាំងឫស រលំសង្កត់លើអ្នកដំណើរ ដោយសារតែដើមឈើចាស់ ឫសពុកផុយ ហើយពេលត្រូវភ្លៀងទៀត ទើបរលំរលើងទាំងឫសតែម្តង ធ្វើឱ្យសង្កត់អ្នកដំណើរចំនួន ៣នាក់ ដែលកំពុងជិះម៉ូតូដឹកគ្នា តែមិនបណ្តាលឱ្យរងរបួសធ្ងន់ទេ។
តាមប្រភពជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះម៉ូតូចេញពីផ្ទះ ឆ្ពោះមកកាន់ក្រុងបាត់ដំបង ដើម្បីមកធ្វើការស្រាប់តែពេលជិះមកដល់ចំណុចខាងមុខសាលាឃុំឈើទាល ត្រូវដើមក្ងោករលំសង្កត់ ធ្វើឱ្យពួកគេរងរបួសទាំងអស់គ្នា តែមិនធ្ងន់ទេ។

គួរបញ្ជាក់ថា នៅពេលត្រូវដើមឈើសង្កត់លើដំបូង ជនរងគ្រោះខ្លះហាក់បាត់ស្មារតី ព្រោះភ័យរន្ធត់។ ប៉ុន្តែនៅពេលសមត្ថកិច្ច និងអ្នកភូមិផង បានព្យាយាមសង្គ្រោះ និងបញ្ជូនដល់មណ្ឌលសុខភាព ដើម្បីសង្គ្រោះបឋម បន្តិចក្រោយមក ជនរងគ្រោះទាំងអស់ក៏បានដឹងខ្លួនវិញ មិនមានរបួសធ្ងន់ទេ។ បន្ទាប់មកជនរងក្រោះទាំង៣នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕
