ខេត្តកំពង់ស្ពឹ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស ២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន ចំនួន៤០ម៉ឺនដុល្លារ រត់ការអាជ្ញាប័ណ្ណរ៉ែ តែមិនបានសម្រេច ។ ជនត្រូវចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ។

យោងតាមដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ជនជាប់ចោទឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ និងជនជាប់ចោទម្នាក់ទៀត ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ ពីបទរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ចំណែកជនជាប់ចោទទី៣ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានតុលការខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំង៣នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តង ។
គួរកត់សម្គាល់ថា មុនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន និងត្រូវបានតុលាការដំបូងខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួន នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសង្ស័យថា រៀបគម្រោងបោកប្រាស់ប្រាក់ពីអ្នកជំនួញវិនិយោគជនជាតិបរទេស អស់៤០ម៉ឺនដុល្លារ ដោយប្រភពបានទម្លាយនៅពេលនោះថា កាលពីឆ្នាំ២០១៩ លោក ទិត វុទ្ធី អភិ បាលរងខេត្តកំពង់ស្ពឺបានទៅដល់ប្រទេសចិន ដើរលេងផង ចង់រកស៊ីផង ក៏បានជួបមិត្តភក្ដិម្នាក់ ណែនាំឲ្យលោកទៅស្គាល់ជួបក្រុមហ៊ុនថ្មម៉ាបមួយរបស់ជនជាតិចិន ដើម្បីនិយាយពិភាក្សាគ្នា ដោយក្នុងការពិភាក្សាគ្នាជាមួយក្រុមហ៊ុនថ្មម៉ាប នៅប្រទេសចិន កាលពីឆ្នាំ២០១៩ នោះ លោក ទិត វុទ្ធី បាននិយាយអួតនិងអះអាងថាខ្លួនជាអភិបាលរងខេត្តកំពង់ស្ពឺ នៅប្រទេសកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ គឺមានភ្នំជាច្រើន អាចយកមកធ្វើថ្មម៉ាបបាន ហើយលោក ទិត វុទ្ធី បានបបួលជនជាតិចិន មកប្រទេសកម្ពុជា នៅខេត្តកំពង់ស្ពឺ ដើម្បីមើលផ្ទាល់ ពេលដែលលោកមកដល់ប្រទេសខ្លួនវិញ បានហៅជនជាតិចិន ឲ្យមកខេត្តកំពង់ស្ពឺ ដើម្បីលោកនាំដើរមើលទីតាំងភ្នំថ្មម៉ាប ដោយជនជាតិចិន ឈ្មោះ LI MINGCHANG មើលទៅមិនពេញចិត្ត ក៏បានវិលត្រទ្បប់ទៅវិញ ។
ប្រភពបន្តថា រហូតដល់ខែមីនា ឆ្នាំ២០២៣ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក បានរៀបគម្រោងហៅជនជាតិចិន ឈ្មោះ LI MINGCHANG ដើម្បីមកជួបជជែកពិភាក្សាគ្នា ដោយបក្ខពួកលោកទិត វុទ្ធី ម្នាក់ មានឈ្មោះម៉ឹង សារឿន (ឈ្មោះជាភាសាចិន YIN WENCAI) ដើរតួជាក្មួយប្រុសបង្កើតរបស់លោក ទិត វុទ្ធី និងម្នាក់ទៀត ឈ្មោះហ៊ាវ ខន (អ្នកបកប្រែភាសាចិន) ដើរតួរជាឧកញ៉ា និងប្រុសស្រី ២នាក់ទៀត ដើរតួជាមន្រ្តីរ៉ែ និងជំនួយការរដ្ឋមន្រ្តី ដើម្បីឲ្យជនជាតិចិន ជឿជាក់ និងបាននិយាយអះអាងថា នៅខេត្តប៉ៃលិន មានដីនិងភ្នំដែលមានទំហំដីប្រវែងរហូតដល់ទៅ ១០៤គីទ្បូម៉ែត្រ ធ្វើឲ្យបុរសជនជាតិចិន LI MINGCHANG ចាប់អារម្មណ៍ ក៏បានសួរថា តើអាចរត់អាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាតក្នុងប្រទេសខ្មែរ ដែរឬទេ? ស្រាប់តែក្រុមបក្ខពួករបស់លោក ទិត វុទ្ធី ឆ្លើយអះអាងថា អាចធ្វើបាន គឺតម្លៃ៨០ម៉ឺនដុល្លារអាមេរិក តាមដំ ណាក់កាលនីមួយៗ រហូតដល់ចប់ ដោយលើកទី១ ត្រូវបង់ ៣០%. លើកទី២ ត្រូវបង់ ២០% ទៅ៣០% និងលើកទី៣ ពេលក្រុមហ៊ុនចូលធ្វើសកម្មភាព ត្រូវបង់ទាំងអស់ ។

ព័ត៌មានបែកធ្លាយនៅពេលនោះ បានបញ្ជាក់ទៀតថា ដោយសារតែបុរសជនជាតិចិន LI MINGCHANG ជឿជាក់ទៅលើតួនាទីឥទ្ធិពលរបស់លោក ទិត វុទ្ធី ដែលជាអភិបាលរងខេត្តកំពង់ស្ពឺ និងបុគ្គលឈ្មោះម៉ឹង សារឿន ដែលដើរតួជាក្មួយប្រុសបង្កើតរបស់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បុរសជនជាតិចិន LI MINGCHANG បានប្រគល់ប្រាក់ឲ្យ ៣០% ស្មើនឹង២៤ម៉ឺនដុល្លារ ។ បន្ទាប់មកទៀត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បុរសអ្នកជំនួញវិនិយោគជនជាតិចិន LI MINGCHANG បានប្រគល់ប្រាក់ ២០% ទៀត ស្មើនឹង១៦ម៉ឺនដុល្លារ ទៅឲ្យជនសង្ស័យដែលដើរតួជាក្មួយលោកទិត វុទ្ធី និងបក្ខពួក ដែលបានសន្យាថា នឹងបានអាជ្ញាប័ណ្ណទៅឲ្យនោះ ។ ប៉ុន្តែបន្ទាប់ពីបុរសជនជាតិចិន អ្នកជំនួញវិនិយោគ ឈ្មោះ LI MINGCHANG បង់ប្រាក់ថ្លៃសេវាអស់ចំនួន ១៦ម៉ឺនដុល្លារថែមទៀតហើយ ជនសង្ស័យ មិនបានបំពេញតាមការសន្យា ខណៈដែលក្រោយមក បុរសជនជាតិចិន ឈ្មោះ LI MINGCHANG បានដឹងថា អាជ្ញាប័ណ្ណ ត្រូវបានដំណើរការដោយអ្នកផ្សេងជោគជ័យមុនខ្លួនទៅហើយ ទើបបុរសជនជាតិចិន រូបនោះ ដឹងខ្លួនថា បានចាញ់បោកគេ ក៏ព្យាយាមស្នើសុំឲ្យក្រុមរបស់លោកទិត វុទ្ធី ដែលបោកប្រាស់បង្វិលសងប្រាក់ទាំងអស់ មកវិញជាច្រើនដង តែក្រុមរបស់លោកទិត វុទ្ធី ដែលជាអ្នកបោកប្រាស់ មិនព្រមប្រគល់ប្រាក់មកវិញទេ ផ្ទុយទៅវិញ លោក ទិត វុទ្ធី បាននិយាយឆ្លើយដោះសាថា ខ្លួនមិនបានទទួលប្រាក់ពីជនរងគ្រោះនោះទេ ឲ្យទៅសួរឈ្មោះ ម៉ឹង សារឿន ទៅ ហើយលោក ម៉ឹង សារឿន ដែលដើរតួជាក្មួយប្រុសបង្កើតរបស់លោកអភិបាលរងខេត្តកំពង់ស្ពឺ ក៏ឆ្លើយថា ប្រាក់ ៤០ម៉ឺនដុល្លារនោះ គឺឲ្យទៅឈ្មោះហ៊ាវ ខន ដែលតាំងខ្លួនជាឧកញ៉ាទាំងអស់ តែលោក ហ៊ាវ ខន បានឆ្លើយ សារភាពថា ខ្លួនបានទទួលប្រាក់តែ ១០ម៉ឺនដុល្លារទេ ។
រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ LI MINGCHANG ដែលជាអ្នកជំនួញវិនិយោគជន ជាតិចិន បានស្នើសុំឲ្យថ្នាក់ដឹកនាំច្បាប់ និងមេធាវី ជួយរកយុត្តិធម៌ឲ្យខ្លួន រហូតត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយ បើកការស៊ើបអង្កេត និងឈានដល់ការចាប់ខ្លួន បញ្ជូនទៅតុលាការ នៅក្នុងខែមីនា ឆ្នាំ២០២៥ នេះ ៕ កុលបុត្រ