ខេត្តសៀមរាប ៖ អាជ្ញាធរអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀម នាទិសឦសាន នៃរោងទងទី៣ របស់ប្រាសាទតាព្រហ្ម បានរកឃើញដងព្រះកាយព្រះពុទ្ធប្បដិមា ចំនួន១ ដែលព្រះសិរ (ក្បាល) ត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។

លោកស្រី នេត ស៊ីមន បុរាណវិទូ នៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ការធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមា ក្នុងចំណោមបំណែកបដិមា ចំនួន២៩ មានដងខ្លួនពុទ្ធប្ប ដិមា ចំនួន១ សិល្បៈរចនាបទបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ ១,១៦សង់ទីម៉ែត្រ និងទំហំស្មា ៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះ ហស្តឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។

អ្នកជំនាញរូបនេះ បន្តថា ក្រោយពីរកឃើញហើយ ក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស មានលេខបញ្ជី N°294។ បន្ទាប់មក ក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃព្រះពុទ្ធប្បដិមា នេះ ត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខ N°292 និងប្រអប់ ជើង ចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។

ចំណែកព្រះសិរ ដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤ នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ក៏ត្រូវបានសិក្សាស្កេនប្រៀបធៀប ត្រូវគ្នានឹងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី២ នេះដែរ។ ដូចនេះផ្នែកផ្សេងៗនៃព្រះពុទ្ធប្បដិមាខាងលើ ដែលបាក់បែក ត្រូវបានផ្គុំឡើងវិញ ស្ទើរតែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះហស្តស្តាំ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កិច្ចការកំណាយនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈ ក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ជាច្រើន បាននៅរាយប៉ាយតាមកំពែង ឬក៏នៅក្នុងរោងទង៕


