ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើង ចំនួន២ក្រុមផ្សេងគ្នា ដែលជិះម៉ូតូបំពាក់ស៊ីមាំងកែច្នៃ លាន់ឮសំឡេងទ្រហឹង ដែលតែងបង្កការរំខានដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ឃាត់ខ្លួន ២២នាក់ និងដកហូតម៉ូតូចំនួន១៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូច្នៃស៊ីម៉ាំងនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ផែនការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាប និងប្រមូលអ្នកជិះម៉ូតូកែច្នៃឧបករណ៍ខុសលក្ខណៈបច្ចេកទេស ក្នុងក្រុងបាត់ដំបង ចំនួន២ក្រុម ដែលមានការចាត់តាំង ហើយកំពុងមានសកម្មភាពនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង នារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
ក្មេងទំនើងដែលត្រូវបាននាំយកមកធ្វើការសាកសួរ មានចំនួនសរុប ២២នាក់ ក្នុងនោះ ក្រុមទី១-មានរហ្សនាម ក្រុមរោករ៉ាក មានគ្នាចំនួន ១២នាក់ និងក្រុមទី២-មានរហស្សនាម pink pink (ភិងភិង) មានចំនួន៥នាក់។ ដោយឡែក ៥នាក់ទៀត មិនមានក្រុមនៅឡើយ។
ការសាកសួរអំពើទង្វើនេះ ពួកគេបានឆ្លើយថា ការកែច្នៃតាមអំពើចិត្តបែបនេះ គឺជាការរៀបចំប្រមូលគ្នាជាក្រុម ថតរូបភាពជាវីដេអូ ដាក់សំឡេងភ្លេងកាចៗ បង្ហោះក្នុងហ្វេសប៊ុក ឬទិកតុក ដើម្បីបានការចូលមើលច្រើន ហើយទាក់ទាញអ្នកផ្សេងទៀតឱ្យធ្វើដូចខ្លួន។
ជាការកត់សម្គាល់ នាពេលកន្លងមក មានទិដ្ឋភាពបែបនេះ បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងទិកតុក ដោយការតាំងបង្ហាញជាក្រុម ឬបើកបរជាក្រុម ដោយសំឡេងម៉ូតូឮខ្លាំងៗនិងភ្លើងបំភ្លឺឆ្វេចឆ្វាច និងពេលខ្លះបានបង្កទៅជាភាពអនាធិបតេយ្យនៅក្នុងទីក្រុងទៀតផង។ មានករណីខ្លះក៏បង្ហាញនូវភាពឌឺដងដាក់គ្នាទៅក្រុមផ្សេង ឬផ្តាំផ្ញើទៅក្រុមផ្សេងតាមរយៈទិដ្ឋភាពនេះ ដែលមហាជនក្នុងបណ្តាញសង្គម មានការបារម្ភថា នឹងអាចបង្កជាជម្លោះក្នុងពេលណាមួយជាក់ជាមិនខាន ហើយករណីនេះ ក៏បានរំខានរួចហើយ ដល់ការកម្សាន្តសប្បាយ និងការធ្វើលំហាត់ប្រាណរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។
ជាមួយនេះ សមត្ថកិច្ចបានអំពាវនាវ សូមយុវជនទាំងឡាយ បញ្ឈប់នូវសកម្មភាពកែច្នៃខុសលក្ខណៈបច្ចេក ទេសបែបនេះបន្តទៀត ហើយសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការប្រមូលមកអប់រំណែនាំ និងឱ្យដោះចេញនូវឧបករណ៍ទាំងនេះ ទាំងនៅក្រុងបាត់ដំបង និងស្រុកផ្សេងទៀតទូទាំងខេត្ត ករណីនៅតែបន្តប្រព្រឹត្តិ នោះសមត្ថ កិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕