Wednesday, March 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ និងរាយការណ៍សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ចំណុចដូនឪ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំង ៣ខ្នង រួមមាន ផ្ទះទី១-មានម្ចាស់ឈ្មោះធន់ ប្រុញ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានសមាជិកគ្រួសារ៦នាក់ (ស្រី២នាក់)។ ផ្ទះទី២-មានម្ចាស់ឈ្មោះនៅ កុសល ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ មានសមាជិកគ្រួសារ ១៨នាក់ (ស្រី១១នាក់) និងផ្ទះទី៣-មានម្ចាស់ឈ្មោះធី ថា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរចុងភៅ មានសមាជិកគ្រួសារ៨នាក់ (ស្រី៣នាក់)។ ចំណែកផ្ទះដែលរងការឆាបឆេះ ជាប្រភេទសំណង់ឈើលើថ្មក្រោម ប្រក់ស័ង្កសី ទំហំ ៦គុណនឹង៤ម៉ែត្រ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះ ហើយចេញជាអណ្តាតភ្លើង ចេញពីផ្ទះទី១ ដែលផ្ទះខាងលើមិនមានមនុស្សនៅ (ចាក់សោចេញទៅក្រៅអស់)។ បន្ទាប់មកឃើញមានអណ្តាតភ្លើងសន្ធោសន្ធៅ ធ្វើឱ្យពួកគាត់រស់នៅក្បែរនោះបាននាំគ្នាឆោ ឡោ និងយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ តែមិនអាចទប់ស្កាត់បាន ក៏បានរាយការណ៍ជូនអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍តែម្តង។

 ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចោញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទី តាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាប ឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៩ម៉ែត្រគូប និងមានរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ អគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៨យប់ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES