Wednesday, March 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អើលស្រីស្អាតស្លា.../ប់ ព្រោះពត់ធ្មេញ គណៈទន្តពេទ្យ ចេញសេចក្តីបំភ្លឺ

ផ្អើលស្រីស្អាតស្លា…/ប់ ព្រោះពត់ធ្មេញ គណៈទន្តពេទ្យ ចេញសេចក្តីបំភ្លឺ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្អើលថា យុវតីរូបស្រស់ម្នាក់ បានស្លាប់ដោយសារពត់ធ្មេញមក គណៈទន្តពេទ្យកម្ពុជា បានចេញសេចក្តីមកបញ្ជាក់ថា ផ្អែកលើលទ្ធផលសិក្សាជាមួយអាជ្ញាធរ ពាក់ព័ន្ធ អ្នកជំងឺនោះស្លាប់ព្រោះជំងឺប្រចាំកាយពីកំណើត ពុំមែនមកពីពត់ធ្មេញនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈទន្តពេទ្យកម្ពុជា ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥  ស្តីពីការចុះផ្សាយតាមបណ្តាញសង្គម លើករណីស្លាប់របស់នារីម្នាក់ ដោយភ្ជាប់មូលហេតុទៅនឹងការពាក់ឧបករណ៍ពត់ធ្មេញ (Braces) បានបញ្ជាក់ថា ថ្មីៗនេះ «គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គម លើករណីស្លាប់របស់នារីម្នាក់ ដោយការផ្សព្វផ្សាយទាំងនោះបានភ្ជាប់មូលហេតុនៃការស្លាប់ ទៅនឹងការពាក់ឧបករណ៍ពត់ធ្មេញ ដែលជាភាសាអង់គ្លេស ហៅថា Orthodontic Braces។ សមាជិក-សមា ជិការបស់គណៈទន្តពេទ្យកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព»។

គណៈទន្តពេទ្យកម្ពុជា បន្តថា «គណៈទន្តពេទ្យកម្ពុជា សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា គណៈ ទន្តពេទ្យកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើករណីនេះ និងបានចុះអង្កេតសិក្សាយ៉ាងហ្មត់ចត់ ជាមួយអាជ្ញាធរពាក់ព័ន្ធ។ យោងតាមរបាយការណ៍បឋម អ្នកជំងឺមានជំងឺតាំងពីកំណើត ប្រចាំកាយ ដែលបណ្តាលឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយ មានដំណើរការមិនប្រក្រតី (Systemic lupus erythematosus, congenital autoimmune disease)។ ភាពមិនប្រក្រតីនេះ បានបណ្តាលឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងការឆ្លងរោគ។ បើតាមរោគវិនិច្ឆ័យនៃការចូលសម្រាកពេទ្យ នៅមន្ទីរពេទ្យជាតិមួយ ក្នុងរាជធានីភ្នំពេញ អ្នកជំងឺមានស្ថានភាពឆ្លង រោគធ្ងន់ធ្ងរ (Severe sepsis) ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសរីរាង្គផ្សេងទៀត។ ដូច្នេះគណៈទន្តពេទ្យកម្ពុជា សូមអំពាវនាវដល់សាធារណជន មេត្តាវាយតម្លៃប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការ ផ្សព្វផ្សាយបន្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃវិជ្ជាជីវៈទន្តសាស្ត្រ»។

គណៈទន្តពេទ្យកម្ពុជា បន្តទៀតថា «គណៈទន្តពេទ្យកម្ពុជា តម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពចម្បងជានិច្ច និងប្តេជ្ញាធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ អនុវត្តការងាររបស់ខ្លួនដោយអនុលោមទៅតាមដែនកំណត់វិជ្ជាជីវៈ និយាម និងបទដ្ឋានវិជ្ជាជីវៈទន្តសាស្ត្រត្រឹមត្រូវ»។

ដោយឡែក តាមប្រភពអ្នកភូមិដែលស្គាល់យុវតីរងគ្រោះ បានអះអាងថា បើតាមម្តាយបង្កើតរបស់សពយុវតីរងគ្រោះ បានបញ្ជាក់ថា យុវតីរងគ្រោះ ស្លាប់ដោយសារជំងឺប្រចាំកាយ គឺឈាមសស៊ីឈាមក្រហម ឬមហារីកឈាម ពុំមែនដោយសារការពត់ធ្មេញនោះទេ។

គួរបញ្ជាក់ថា ការចេញសេចក្តីបញ្ជាក់របស់គណៈទន្តពេទ្យកម្ពុជា ក៏ដូចជាប្រភពខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សាយ និងចែករំលែកតាមបណ្តាញសង្គម នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ថា មានយុវតីវ័យក្មេង រូបស្រស់ស្អាតម្នាក់ បានស្លាប់ដោយសារឆ្លងមេរោគចូលក្នុងបេះដូងនិងសួត ដោយសារដាក់ធ្មេញដែក ឬដាក់ប៊្រេស (Braces) ពត់ធ្មេញ៕

RELATED ARTICLES