ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់ ជាកម្មការិនីរោងចក្រ បានជំពាក់ថ្លៃគ្រឿងក្រអូប តែងលម្អកាយ ២០០ដុល្លារ លុះដល់ថ្ងៃបើកប្រាក់ខែ បានដកលុយយកទៅសងគេ ក៏អត់លុយឱ្យអ្នកផ្ទះដូចសព្វដង ទើបកុហកថា ត្រូវគេចាប់ជំរិតទារលុយ បើមិនបានទេ គេនឹងអារកសម្លាប់ចោល ធ្វើឱ្យក្រុមគ្រួសារភ័យ ក៏បង្ហោះព័ត៌មានផ្អើលពេញបណ្តាញសង្គម និងត្រូវសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវភ្លាមៗ ត្រឹមរយៈពេល១ម៉ោង ក៏រកឃើញនិងនាំយកយុវតីនោះ ត្រឡប់មកផ្ទះវិញ។

នារីវ័យក្មេងដែលប្រតិដ្ឋរឿងថា ត្រូវគេចាប់ជំរិតនោះ មានឈ្មោះ គង់ សុខណេង អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Rern Srey Noch បានបង្ហោះរូបថតយុវតីម្នាក់ ភ្ជាប់ជាមួយសំណេរថា “ប្អូនស្រីខ្ញុំត្រូវបានជនមិនស្គាល់មុខ ចាប់ជំរិត យកទាំងម៉ូតូ ទាំងមនុស្ស វេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ូតូពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-1263 ចាប់នៅខាងកើតភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើបងប្អូនបានឃើញ ជួយទាក់ទងមកផង…”។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ និងដោយអនុវត្តតាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញផែនការងារសន្តិសុខ បានសហ ការធ្វើការស្រាវជ្រាវជាមួយអធិការស្រុកសំរោងទង ជាលទ្ធផល ក្រោយប្រតិបត្តិការស្រាវជ្រាវរយៈពេល ៦០ នាទី កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានថា ករណីខាងលើ គឺជាការប្រឌិតព័ត៌មានក្លែងក្លាយ ចេញពីប្រភពអះអាងថាខ្លួនជាជនរងគ្រោះឈ្មោះគង់ សុខណេង ភេទស្រី អាយុ១៨ឆ្នាំ បន្ទាប់មកសមត្ថកិច្ចជំនាញ កំណត់បានទីតាំង ដែលយុវតីខាងលើសម្ងំនិយាយព័ត៌មានប្រឌិត រួចឈានទៅរកឃើញនិងនាំយកក្មេងស្រីខាងលើត្រឡប់មកផ្ទះវិញ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជាការពិតក្មេងស្រីខាងលើ បានសារភាពថា មូលហេតុធំដែលឈានដល់ការរៀបចំផែនការកុហក បង្កើតព័ត៌មានក្លែងក្លាយនេះ មកពីនាងពិបាកចិត្តរឿងផ្ទាល់ខ្លួន ជំពាក់ប្រាក់អ្នកស្គាល់គ្នា និងបានបើកប្រាក់ខែ យកទៅសងគេហើយ តែមិនមានប្រាក់ជូនអ្នកផ្ទះ ទើបរៀបចំសម្តែងថា គេចាប់ជំរិតទារ ប្រាក់តែម្តង។

ក្រោយបែកធ្លាយរឿងខាងលើមក សាមីខ្លួនយុវតីនោះ បានកែតម្រូវព័ត៌មាន និងសូមទោសចំពោះការប្រតិដ្ឋរឿងខាងលើ ដោយនាងបានសរសេរក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា “នាងខ្ញុំឈ្មោះ គង់ សុខណេង អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥ៈ៣០នាទីព្រឹក នាងខ្ញុំបានជិះម៉ូតូចេញពីផ្ទះ និងប្រឌិតរឿងកុហកបងប្អូន ម្តាយ ពូមីង ថាមានគេចាប់ជំរិតយកលុយនាងខ្ញុំ យកទៅចងឃុំខ្លួននៅក្នុងព្រៃ មិនស្គាល់ទីតាំង ប៉ុន្តែវាមិនមែនការពិតនោះទេ។ ដោយសារតែខ្ញុំជំពាក់លុយគេ ២០០ដុល្លារ ថ្លៃទិញគ្រឿងក្រអូប ហើយគ្មានលុយសងគេ ទើបនាងខ្ញុំប្រឌិតរឿង ដើម្បីបានប្រាក់សងគេ។ នាងខ្ញុំសូមទោសជាសាធារណៈដែលនាងខ្ញុំបានប្រព្រឹត្តអំពើបែបនេះ។ នាងខ្ញុំសូមសន្យាថា នឹងឈប់ប្រព្រឹត្តជាលើកទី២ ទៀតហើយ ព្រោះជាអំពើប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។ សូមបងប្អូនអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ទាំងអស់ កុំយកតម្រាប់តាមនាងខ្ញុំ…”៕


